បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦

…………………………….

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ដែលមានដូចតទៅ៖

ទី១. ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ចំថ្ងៃគម្រប់ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរថ្ងៃទី២៦ តុលា ២០២៥) សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចេញសារតាមហ្វេសប៊ុកដោយបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតីនៃសេចក្តីថ្លែងការណ៍រួមនេះ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី។

សម្តេចធិបតីបានយកឱកាសនេះដើម្បីថ្លែងនូវអំណរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងលើកទឹកចិត្តជំរុញឲ្យមានកិច្ចព្រមព្រៀងនេះឡើង ក៏ដូចជាបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងរវាងកម្ពុជានិងថៃ ដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចីរភាព។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ពីការគោរពបទឈប់បាញ់ និងគោរពនិងអនុវត្តតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមនេះប្រកបដោយសុឆន្ទៈ។

ទី២. ក្នុងពិធីសំណោះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជាមានបញ្ហាព្រំដែន ប៉ុន្តែ រាជរដ្ឋាភិបាលមិនបានកាត់បន្ថយការចំណាយលើវិស័យសង្គមកិច្ចឡើយ ពិសេសវិស័យអប់រំ និងសុខាភិបាល។ ផ្ទុយទៅវិញ ថវិកាសម្រាប់វិស័យសង្គមកិច្ចបានកើនឡើងជានិច្ច។ នេះសបញ្ជាក់ថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យអាទិភាពដែលជួយគាំពារផ្ទាល់ដល់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ មិនមែនត្រឹមតែជាពាក្យសន្យាប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលពិតជាបានធ្វើប្រាកដមែន។

ទី៣. កម្ពុជានិងជប៉ុនបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លើលិខិតប្ដូរសារ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន៣០ប៊ីលានយ៉េន (ប្រមាណ២០០លានដុល្លារអាម៉េរិក) សម្រាប់អនុវត្ត «គម្រោងគាំទ្របន្ទាន់លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព»។ ការចុះហត្ថលេខានេះធ្វើឡើងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា។

គម្រោងនេះមានគោលបំណងគាំទ្រការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច តាមរយៈវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជាការទ្រទ្រង់ជីវភាពរស់នៅ ការគ្រប់គ្រងក្នុងអន្តរកាលនៃបញ្ហាថាមពល។ ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលជប៉ុនក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ គោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រោមការជួយជ្រោមជ្រែង និងគាំទ្រពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ បានធ្វើឱ្យសេដ្ឋកិច្ចជាតិ ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋបានប្រសើរឡើងជាលំដាប់។

ទី៤. ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបើកកិច្ចប្រជុំក្រៅផ្លូវការរវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។

ក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីនេះៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា៕

សូមអរគុណ!