ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីព័ត៌មានសំខាន់ៗ ពីរាជរដ្ឋាភិបាលដែលមានដូចតទៅ៖
ទី១. ថ្ងៃទី៩ វិច្ឆិកានេះ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមក្រៃលែង នៅឯវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានវត្តមានដ៏ឧត្តុង្គឧត្តម នៃថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នជាតិ ក៏ដូចជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងធំធេង និងក្លៀវក្លាបំផុតក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនព្រះរាជាណាចក្រកម្ពុជា។ ទិវានេះក៏បានប្រព្រឹត្តទៅក្រោមម្លប់សុខសន្តិភាពដែលព្រះរាជាណាចក្រកម្ពុជាទទួលបាន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការបន្តផ្តល់តម្លៃ និងការពារសន្តិភាពឱ្យស្ថិតស្ថេរគង់វង្សរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជន។
ទី២. ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា៖
តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រមទាំងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងក៏នឹងជួបប្រជុំជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមប្រធានាធិបតី នឹងអញ្ជើញចូលរួមជាអធិបតីជាមួយព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច ក្នុងខេត្តសៀមរាប។
ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកម្ពុជាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ និងជាទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុតបន្ទាប់ពីទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតី ហ្សាល ដឺហ្គោល នៅឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ហ្រ្វង់ស្វ័រ មីតេរ៉ង់ នៅឆ្នាំ១៩៩៣។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនពាក់ព័ន្ធវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិដែលនឹងផ្ដល់នូវកាលានុវត្តភាពក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណីការបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
ទី៣. ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) នៅអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើម្បីកសាងជីវភាពរស់នៅដូចធម្មតាវិញបាននៅឡើយទេ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួន ហើយបានដាក់ពង្រាយបន្លាលួស ទូកុងតឺន័រ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែង ប្រជាពលរដ្ឋខ្មែរ នៅក្នុងតំបន់ដែលពួកគេដណ្តើមកាន់កាប់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា តួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)មានសារសំខាន់ណាស់ ក្នុងការកត់ត្រារាល់ហេតុការណ៍ និងស្ថានភាពជាក់ស្តែងដែលនៅតាមបណ្តោយព្រំដែន។ ពួកគេ គឺជាសាក្សីផ្ទាល់ភ្នែក ហើយ របាយការណ៍របស់ពួកគេមានតម្លៃយ៉ាងខ្លាំងក្នុងការផ្ទៀងផ្ទាល់ការអនុវត្តបទឈប់បាញ់ និងចំណុចទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡំាពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយ បញ្ហាព្រំដែនពិតប្រាកដ និងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕
សូមអរគុណ!