អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ការផ្ទេរមុខងារ និងធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិ ជាផ្នែកមួយយ៉ាងសំខាន់ នៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពីធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីក្រោមឳវាទក្នុងរចនាសម្ព័ន្ធមន្ទីរសុខាភិបាលសរុបប្រមាណជា ២៩៩នាក់ ។

នៅក្នុងពិធីនេះដែរ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា៖ ការដាក់ឲ្យអនុវត្តនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងលើការផ្តល់សេវាសាធារណៈដ៍សំខាន់មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រយៈពេល១០ឆ្នាំ ពោលគឺការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវពីក្រសួងសុខាភិបាល មកឲ្យរដ្ឋបាលខេត្តក្នុការគ្រប់គ្រង និងចាត់ចែងប្រតិបត្តិការនានាពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ។ ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត និងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីលទ្ធផលនៃការបំពេញការងារពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនានាដែលក្រសួងបានប្រគល់ឲ្យ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។ ទាក់ទិននឹងកិច្ចការដ៏សំខាន់នេះ កិច្ចការអាទិភាពមួយចំនួនដែលពិចារណាសម្រាប់រៀបចំកម្មវិធីជាតិជំហានបន្ទាប់រួមាន៖ ទី១.ការបន្តពង្រឹងរដ្ឋាបាលក្រុង ស្រុក ឃុំ សង្កាត់ ទី២.ការបន្តពង្រឹងរដ្ឋបាលក្រុង ស្រុក ដែលត្រូវធ្វើការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង បែងចែកឲ្យបានច្បាស់លាស់នូវមុខងារ តួនាទី និងការទទួលខុសត្រូវ ទី៣.ការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងទី៤.ការធ្វើវិម្ឈការហិរញ្ញវត្ថុ ។ ដើម្បីធានាឲ្យរដ្ឋបាលខេត្តអាចចាប់ផ្តើមគ្រប់គ្រងចាត់ចែងមុខងារផ្តល់សេវាសុខាភិបាលដែលបានផ្ទេរឲ្យនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ស្របតាមស្មារតីនៃអនុក្រឹត្យ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ខិតខំអនុវត្ត ទី១.ត្រូវបន្តរៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឲ្យបានទូលំទូលាយជូនដល់ថ្នាក់ដឹកនាំ នៃមន្ទីរអង្គភាពជំនាញក្នុងខេត្ត ។ ទី២.ការគ្រប់គ្រងបុគ្គលិកដែលបានផ្ទេរមករដ្ឋបាលខេត្ត ចំនួន១.០៩៥នាក់ ត្រូវអនុវត្តតាមគោលការណ៍ បែបបទ នីតិវិធីនៃការគ្រប់គ្រងបុគ្គលិកស្របតាមសហលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ។ ទី៣.ការគ្រប់គ្រងចាត់ចែងនិងប្រើប្រាស់ថវិកា ដែលត្រូវផ្ទេរមកឲ្យរដ្ឋបាលខេត្តសម្រាប់អនុវត្តមុខងារផ្តល់សេវាសុខាភិបាលត្រូវអនុវត្តឲ្យបានច្បាស់លាស់តាមគោលការណ៍ បែបបទ នីតិវិធីនៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាមានភ្ជាប់លក្ខខ័ណ្ឌនេះ ។ និងទី៤.រដ្ឋបាលខេត្តបន្តសម្របសម្រួលជាមួយមន្ទីរសុខាភិបាលខេត្ត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីចាត់ការហិរញ្ញវត្ថុសាលាខេត្តដើម្បីពន្លឿនការផ្ទេរទ្រព្យសម្បត្តិនានាពាក់ព័ន្ធនឹងមុខងារសុខាភិបាល ដែលប្រគល់ទៅឲ្យរដ្ឋបាលខេត្តឲ្យបានរួចរាល់នៅក្នុងឆ្នាំ២០២០ ៕