អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សាររបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ខ្ញុំបាទសូមគោរពនិងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ព្រមទាំងលោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានចូលមកកាន់គេហទំព័ររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

នេះជាគេហទំព័រផ្លូវការមួយក្នុងចំណោមគេហទំព័រផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដែលផ្តល់ជូននូវព័ត៌មានពិតនិងច្បាស់លាស់អំពីយុទ្ធសាស្រ្ត គោលនយាបាយ សេចក្តីសម្រេច និងសកម្មភាពការងារចម្បងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមិទ្ធផលនានាដែលសម្រេចបាន ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលនីតិកាលទី៧​នៃរដ្ឋសភាមានគោលដៅជាក់លាក់ និងទស្សនវិស័យច្បាស់លាស់តាមរយៈការដាក់ចេញយុទ្ធសាស្ត្រ​បញ្ចកោណ និងកម្មវិធីគោលនយោបាយ​៦ចំណុច ដោយប្តេជ្ញាថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថេរភាពសង្គមនយោបាយ និងការអភិវឌ្ឍដែលជាសមិទ្ធផលដ៏ធំធេងអស្ចារ្យ​ សាងឡើងដោយសម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ រាជរដ្ឋាភិបាលបន្តវេន​កំពុងបោះជំហាន​យ៉ាងស្វាហាប់​ឈានឆ្ពោះទៅសម្រេចចក្ខុ​វិស័យ​កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

ខ្ញុំបាទ សង្ឃឹមជឿជាក់ថា សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់​លោក លោកស្រី នាងកញ្ញា និងជនរួមជាតិទាំងអស់ អាចស្វែងរកបាននូវឯកសារដែលខ្លូនត្រូវការសម្រាប់ការយល់ដឹងអំពីគោលនយោបាយជាតិ និងចូលរួមជាមួយខ្ញុំបាទ និងថ្នាក់ដឹកនាំកម្ពុជា រួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ ដើម្បីរួមចំណែករុញច្រាននាវាកម្ពុជាឆ្ពោះទៅកាន់គោលដៅដែលបានគ្រោងទុកប្រកបដោយជោគជ័យ​យ៉ាងពិតប្រាកដ។ គោលបំណងធំបំផុតរបស់រាជរដ្ឋាភិបាលគឺការកសាង​ប្រទេសឱ្យក្លាយជារដ្ឋមួយដ៏រឹងប៉ឹង ឈរលើជំហរខ្លួនឯង និងផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូបនូវសុភមង្គល ការរស់នៅក្នុងសុខសន្តិភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយមោទនភាពជាតិ។

ជាទីបញ្ចប់ ខ្ញុំបាទ​សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា និងជនរួមជាតិទាំងអស់ សូមជួបតែព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​៕

ប៉ែន បូណា

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល