ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអោយដឹងថា ក្នុងឆ្នាំ២០១៩ កន្លងទៅខេត្តទទួលរងគ្រោះទឹកជំនន់ប៉ះពាល់ប្រជាជន ៖ (ជំនន់ទឹកភ្លៀង និងជំនន់មកពីប្រទេសថៃ) ប៉ះពាល់ លើ ៧ ក្រុង/ស្រុក (៣២ឃុំ/សង្កាត់) ប៉ះពាល់ប្រជាពលរដ្ឋចំនួន ២,០១៩គ្រួសារ ស្មើនឹង៣,៥៧៨នាក់ លិចដំណាំស្រូវ ២៤,៤៦៤ហិកតា ដំឡូងមី ៤,៤១១ហិកតា ដំណាំរួមផ្សំ ២០ហិកតា និងលិចសាលារៀនចំនួន១០សាលា ទឹកហូរកាត់ផ្លូវចំនួន១៥៣កន្លែងស្មើនឹង ៥៦,២១៩ម៉ែត្រ។
ប៉ះពាល់ដោយគ្រោះរាំងស្ងួត បានប៉ះពាល់ស្រូវនិងដំណាំផ្សេងៗ កន្លងមកឆ្នាំ២០១៩មានភ្លៀងធ្លាក់តិចតួច ជាហេតុធ្វើឲ្យប៉ះពាល់ លើ ៦ក្រុង/ស្រុក មានស្រូវវស្សាចំនួន ១៧,៦៤៧ហិកតា នៃផ្ទៃដីដែលបានដាំដុះសរុប ចំនួន២៣៤,៨៧៦ហិកតា ក្នុងនោះស្រូវស្រាលសរុបចំនួន ៩,១៨៥ហិកតា ស្រូវស្រាលដើម រដូវ វស្សាចំនួន ៨,៣៩១ហិកតា ស្រូវកណ្ដាលចំនួន ៧,៥៨៤ហិកតា និងស្រូវធ្ងន់ចំនួន ៨៧៨ហិកតា។
ខ្យល់កន្ត្រាក់កើតឡើងចំនួន ២៥លើក ប៉ះពាល់លើ ៩ក្រុងស្រុក បណ្ដាល ឲ្យ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២,២៧២ខ្នង (ធ្ងន់ធ្ងរ ២៣៧ខ្នង)។
អគ្គីភ័យ កើតមានឡើងចំនួន ១៩លើក បណ្ដាលឆេះផ្ទះ ១៩ខ្នង តូបផ្សារអូរអំបិលចំនួន ៦៨តូប របួស១០នាក់ និងសម្ភារៈមួយចំនួន។
រន្ទះបាញ់ ៖ កើតមានឡើង ០៧លើក ស្លាប់ចំនួន ០៦នាក់ របួស០៤នាក់។
លង់ទឹក ៖ កើតមានចំនួន០៩លើក ស្លាប់ ១៥នាក់។
ផ្ទុះមីន ៖ កើតមានចំនួន ០៣លើក ស្លាប់ ០៥នាក់។
ដោយបានការជួយអន្តរាគមន៍ទាំងស្មារតី សម្ភារៈ ថវិកាពី សម្តេចតេជោ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ អំណោយពីកាកបាទក្រហម កម្ពុជា អង្គការជាដៃគូ និងក្រុមការងារក៏ដូចជាសប្បុរសជន ធ្វេីអោយខេត្តមានលទ្ធភាពឆ្លេីយតប សង្គ្រោះ គ្រោះមហន្តរាយ បានទាន់ពេលវេលា ព្រមទាំងមេីលថែជួយដោះស្រាយសម្រួលជីវភាពបងប្អូនអតីត យុទ្ធជន ដែលជួបការលំបាក បានល្អប្រសើរ។
ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្រ្តី បានលើកសរសើរចំពោះការខិតខំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ) និងសមាគមអតីតយុទ្ធជនខេត្ត(ស.អ.ក) ដែលបានបំពេញមុខងារតួនាទីរបស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្តមានម្ចាស់ការចុះទៅដោះស្រាយភ្លាម ដោយមិនមាននរណាម្នាក់ត្រូវបោះបង់ចោលនោះទេ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏សូមអរគុណដល់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែលបានសហការរួមគ្នាដោះស្រាយបានជោគជ័យគ្រប់បញ្ហា។