អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

តំណាងរាស្ត្រមណ្ឌលកំពង់ធំផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺCOVID-១៩ក្នុងឃុំឈូកស្រុកប្រាសាទសំបូរ

(កំពង់ធំ)៖លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំចុះផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺCOVID-១៩នឹងចែកអំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះនិងចាស់ជរានៅក្នុងឃុំឈូកស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ ។
លោក ឃឹង នុភាព បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋ ត្រូវចូលរួមផ្សព្វផ្សាយ អំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ជាតិ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទោះបីស្ថានភាពជំងឺកូវីត ១៩ នៅក្នុងប្រទេសកម្ពុជាមានការធូរស្រាលក៏ដោយ ពិសេសការដាក់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ដោយស្ម័គ្រចិត្ត សម្រាប់អ្នកដែលទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេស ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិទាំងអស់គ្នា។
លោកតំណាងរាស្ត្រ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវសម្អាត និង រក្សាអនាម័យជាប្រចាំ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយលាងដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ អាល់កុល និងជែលលាងដៃ មុនពេលនិងក្រោយពេលចាប់កាន់របស់ផ្សេងៗ ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈឬទៅផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
លោកក៏បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខនិងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ សូមចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជៀសផុតពីការផាកពិន័យជាពិសេសជៀសផុតគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យមានការបាត់បង់អាយុជីវិត រឺពិការជាដើម ។
ក្នុងពិធីចុះផ្សាព្វផ្សាយក្រុមការងារបាននាំយកអំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះ ចាស់ជរាគ្មានទីពឹងចំនួន ៧គ្រួសារ ដោយមួយគ្រួសារៗទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករអំបិល ប៊ីចេង ប្រេងឆា សាប៊ូលាងដៃ និងថវិកា មួយចំនួនផងដែរ៕