អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន១,៥៧៨នាក់ ក្នុងនោះនារីមានចំនួន ៦៤០នាក់។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រជូនសម្តេចនៅថ្ងៃនេះ។ សម្តេចតេជោ បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីការប្រឹងប្រែងរួមគ្នា។

* នៅក្នុងពិធីនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីស្ថានភាពដ៏លំបាករបស់កម្ពុជាកាលពីអតីតកាល។ ជាពិសេសដំណើរនៃកសាងវិទ្យាស្ថានជាតិអប់រំ និងការរៀបចំអគារសម្រាប់ប្រគល់សញ្ញាបត្រជូននិស្សិតតែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាមកធ្វើការសម្រេចចិត្ត ក្រៅតែពីយើងខ្លួនឯងនោះទេ។ សម្តេចតេជោ បានលើកជាឧទាហរណ៍ថា រដ្ឋប្រហារឆ្នាំ១៩៧០ បើទោះបីមានការជំរុញពីក្រៅ តែបើកត្តាខាងក្នុងជាពិសេស លន់ នល់ សិរីមតៈ មិនសម្រេចចិត្តធ្វើរដ្ឋប្រហារទេ គ្មានឡើយការដ្ឋប្រហារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាខាងក្នុងជាកត្តាសត្យានុម័តក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិ។ សម្តេចតេជោ បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះសមិទ្ធផល នៃការបិទបញ្ចប់សង្គ្រាម បិទបញ្ចប់ជម្លោះក្នុងជាតិខ្មែរដោយខ្មែរគ្នាឯង និងបានប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកម្ពុជាទទួលបាន គឺកើតចេញពីការប្រឹងប្រែងរបស់ជាតិកម្ពុជាទាំងមូល មិនមែនពឹងតែលើការជួយពីបរទេសនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បទពិសោធន៍ពីអតីតកាលរបស់កម្ពុជាបានបង្ហាញថា សុខទុក្ខ និងការរីករាយ គឺខ្មែរជាអ្នកសម្រេចដោយខ្លួនឯង មិនមែនកត្តាមកពីខាងក្រៅនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រឹងប្រែងដោយខ្លួនឯង ទើបធ្វើឲ្យកម្ពុជាមានឯករាជ្យពិតប្រាកដទាំងនយោបាយ និងសេដ្ឋកិច្ច។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មិនត្រូវពឹងផ្អែកលើអុកស៊ីហ្សែនរបស់គេនោះទេ។ សម្តេចតេជោ បានប្រកាសថា ត្រូវតែប្រឹងប្រែងធ្វើកំណែទម្រង់បន្ថែមទៀត ដើម្បីធានាដល់ការរីកចម្រើនរបស់ប្រទេស។

* ជាមួយនឹងការអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក៏បន្តអំពាវនាវឲ្យនិស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ បន្តប្រឹងប្រែងសិក្សារៀនសូត្របំពាក់បំប៉នចំណេះដឹង និងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រឹមតែនិស្សិតទេ ថ្នាក់ដឹកនាំប្រទេសទាំងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក៏ត្រូវតែប្រឹងប្រែងរៀនអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត បើមិនដូច្នោះទេនឹងក្លាយជាអ្នកអភិរក្សនិយម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសិក្សាស្រាវជ្រាវ នឹងធ្វើឲ្យមនុស្សមិនចេះភ្លេចនោះឡើយ។ ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន ក៏មានការរិះគន់មួយចំនួនទៅលើអ្នកអានតែថ្លែងសុន្ទរកថា ដែលពឹងតែលើការសរសេររបស់គេឲ្យអាន។ សម្តេចតេជោថា បានបញ្ជាក់ថា អ្នកដែលអានតែសុន្ទរកថា ហើយមិនចេះស្រាវជ្រាវ គឺមិនខ្លាំងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអតីតបក្សសង្គ្រោះជាតិ ដែលមើលស្រាលអតីតសហការីរបស់ពួកគេពេលសុំសិទ្ធិធ្វើនយោបាយជាទំនិញទិញដូរ គឺជាបរាជ័យរបស់ក្រុមអតីតបក្សប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាមិនមានជាការសមគួរនោះទេ ក្នុងនាមជាមនុស្សអួតអាងជាអ្នកប្រជាធិបតេយ្យ គោរពសិទ្ធិសេរីភាពបញ្ចេញមតិ បែរជានិយាយបំពានសិទ្ធិរបស់បុគ្គលម្នាក់ៗទៅវិញ។

* ឆ្លើយតបការលើកឡើងថា សម្តេចជាអ្នកបំបែកក្រុមអតីតបក្សប្រឆាំងនោះ សម្តេចតេជោ ហ៊ុន សែន បានតបទៅវិញថា ក្នុងនាមជាមេដឹកនាំមួយបែរជាឲ្យអ្នកដទៃបំបែកបានមានន័យថា មេដឹកនាំនោះអន់បំផុត។

* សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍ថា ស្វាមីភរិយាដែលស្ម័គ្រស្មោះនឹងគ្នា ទោះបីឪពុកម្តាយ និងបងប្អូនចាក់រ៉ុកយ៉ាងណា ក៏មិនអាចបែកបាក់គ្នាដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលនិយាយថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកបំបែកបំបាក់ពួកគេនោះ គឺជាការបន្ថោកតម្លៃខ្លួនឯងទៅវិញទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនឮតែព័ត៌មានបែកបាក់គ្នា ៤០ឆ្នាំមកហើយ តែគណបក្សប្រជាជនមិនមានការបែកបាក់នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សូម្បីតែសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏ទទួលបានព័ត៌មានខុសដែរថា គណបក្សប្រជាជនកម្ពុជាបែកបាក់ហើយ, ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបថា មូលហេតុដែលទទួលព័ត៌មានខុសនេះហើយ បានព្រះអង្គចាញ់រហូត និងអស់រលីង

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបែកបាក់របស់ក្រុមអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ព្រោះតែការមិនជឿទុកចិត្តគ្នា មិនមែនមកពីការបំបែកបំបាក់របស់សម្តេចតេជោនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈប្រតិភូសហភាពអឺរ៉ុប ដែលអញ្ជើញមកកម្ពុជានាពេលបច្ចុប្បន្ន កម្រិតមិនដល់ជួបជាមួយសម្តេចនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានផ្លែផ្កាឲ្យលោក កឹម សុខ ថា តាំងខ្លួនជាអ្នកវិភាគ ប៉ុន្តែគ្រាន់តែភរិយា និងក្រុមគ្រួសារខ្លួនគ្រប់គ្រងមិនបានផង។

* សម្តេចតេជោ ហ៊ុន សែន ស្នើមេដឹកនាំអតីតបក្សសង្គ្រោះជាតិ ឲ្យឈប់លាបពណ៌អតីតសហការីរបស់ខ្លួន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជាត្រូវការសម្តេច ដើម្បីដឹកនាំបក្សមិនមានការដណ្តើមគ្នាធ្វើមេបក្សនោះទេ។ ផ្ទុយទៅវិញមានតែក្រុមអតីតបក្សសង្គ្រោះជាតិទេ ដែលធ្វើបក្សប្រហារដណ្តើមគ្នាគ្រប់គ្រងបក្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគណបក្សបែកបាក់ មេគណបក្សត្រូវទទួលខុសត្រូវមុនគេ។ ដូចគ្នាដែរបើគណបក្សប្រជាជនកម្ពុជាបែកបាក់ សម្តេចគឺជាអ្នកទទួលខុសត្រូវមុនគេ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៨៖៥០នាទីព្រឹកថ្ងៃដដែល, ប្រភពពី​ ៖Fresh News៕