អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់

នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុប១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមផ្តល់ការអប់រំ គឺជាការដោះស្រាយបញ្ហាមួយចំគោលដៅ និងចំបញ្ហា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋផ្តល់ការអប់រំបង់ថ្លៃអាចជួយឱ្យគ្រឹះស្ថានទាំងនោះអាចរស់បាន និងអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមអប់រំ និងឱ្យគ្រឹះស្ថានសិក្សាឧត្តមសិក្សាផ្តល់ការអប់រំបង់ថ្លៃ គឺជាជោគជ័យនៃគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងមានការអភិវឌ្ឍ បើគ្មានការអភិវឌ្ឍការបណ្តុះបណ្តាលមិនមានប្រយោជន៍នោះឡើយ។ ពោលនិស្សិតបញ្ចប់ការសិក្សានឹងអត់មានការងារធ្វើ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសវៀតណាម កាលពីមុនមិនរីកចម្រើន និស្សិតបញ្ចប់ការងារសិក្សាគ្មានការងារធ្វើ។ ក្រោយពេលផ្លាស់ប្តូរនយោបាយសេដ្ឋកិច្ចធ្វើឱ្យវៀតណាមរីកចម្រើន ជាមួយធនធានមនុស្សដែលមានស្រាប់នោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនាញវិជ្ជាជីវៈនៅកម្ពុជាមិនសូវមានអ្នកចាប់អារម្មណ៍ និងមិនចង់ធ្វើ ខណៈជំនាញវិជ្ជាជីវៈមានសារៈសំខាន់សម្រាប់សង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនចង់ឱ្យប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសងាយស្រួលទេ គឺបញ្ចប់កិច្ចព្រមព្រៀងបញ្ជូនពលករជាមួយប្រទេស បញ្ជូនពលករទៅនោះជាការស្រេចហើយ ប៉ុន្តែមិនចង់ធ្វើបែបនេះទេគឺប៉ះពាល់ដល់ពលករណាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង សម្តេចនឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ដូច្នេះបើពលករនៅកូរ៉េមិនសប្បាយចិត្តនឹងធ្វើការនៅកូរ៉េ គ្រាន់តែសម្តេចបញ្ចប់កិច្ចព្រមព្រៀងបញ្ជូនពលករជាការស្រេចទៅហើយ។ សម្តេចតេជោ បានថ្លែងថា នេះគ្រាន់តែជាការវិភាគជូនពលករប៉ុណ្ណោះ តែរាជរដ្ឋាភិបាលមិនធ្វើដូច្នោះឡើយ ព្រោះពលរដ្ឋនឹងបាត់ចំណូល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទើបបញ្ជូនពលរដ្ឋទៅធ្វើការនៅកូរ៉េខាងត្បូង បានជាង ៥ម៉ឺននាក់ប៉ុណ្ណោះ ខណៈវៀតណាម និងថៃ បានបញ្ជូនប្រជាពលរដ្ឋទៅធ្វើការនៅកូរ៉េរាប់សិបម៉ឺននាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងរកការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋ។ ដូចជាស្នើឱ្យកូរ៉េខាងត្បូង និងជប៉ុន បង្កើនចំនួនកូតាសម្រាប់ពលករខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយឆ្នាំជួយដល់សាកលវិទ្យាល័យធនធានមនុស្សជាង ១០០លានរៀល ដើម្បីជួយដល់និស្សិតក្រីក្រ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថាសង្គមមិនឈរនៅទ្រឹងនោះឡើយ គឺមានការវិវឌ្ឍន៍លឿនណាស់។ ក្នុងន័យនេះសម្តេចតេជោ ជំរុញឱ្យនិស្សិតបញ្ចប់ការសិក្សាប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ត។

* សម្តេចតេជោ ហ៊ុន សែន បានឌឺឱ្យទណ្ឌិត សម រង្ស៉ី ដែលចោទសម្តេចលួចកែសំបុត្រយន្តហោះរបស់ខ្លួន។ សម្តេចតេជោ បានថ្លែងឌឺថា ពិភពលោកត្រូវប្រយ័ត្នចំពោះសមត្ថភាពរបស់សម្តេច ព្រោះសម្តេចអាចចូលទៅកែសំបុត្រយន្តហោះបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជិតឡើងប្រាក់បៀវត្សរ៍ទៀតហើយ គឺនៅខែមករា និងខែមេសា ឆ្នាំ២០២០ខាងមុខនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រាក់ឈ្នួលរបស់កម្មករ និយោជិតហើយនោះ ត្រូវប្រឹងប្រែងទប់តម្លៃទំនិញលើទីផ្សារមិនឱ្យឡើងថ្លៃផងដែរ ដើម្បីឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ទទួលបានជីវភាពប្រសើរពីការដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួលនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណក់ប្រេងជាលើកដំបូងរបស់កម្ពុជានឹងទទួលបាននៅឆ្នាំ២០២០នេះ តែមិនទាន់បញ្ជាក់កាលបរិច្ឆេទជាក់លាក់នៅឡើយនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជារករ៉ែធ្យូងថ្មនៅក្នុងខេត្តឧត្តរមានជ័យ ហើយនឹងបង្កើតជាកន្លែងផលិតថាមពលអគ្គិសនីតែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីរ៉ែប្រេង ធ្យូងថ្មហើយនោះ កម្ពុជានឹងមានការវិនិយោគលើរ៉ែមាសដោយក្រុមហ៊ុនអូស្ត្រាលី ដែលទទួលបានប្រាក់ចំណូលគួរសមផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចំណូលបានពីធនធានធម្មជាតិ នឹងចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ ពោលទាំងផ្លូវថ្នល់ ប្រឡាយទឹក និងការអប់រំ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គយរកចំណូលលើសផែនការ ៧ ទៅ៨រយលានដុល្លារ ខណៈពន្ធដាររកចំណូលលើសផែនការ ៤ ទៅ៥រយលានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីចំណូលរកបានខ្ពស់យ៉ាងណាក៏ដោយ តែមិនមែនចេះតែចាយវាយនោះឡើយ គឺត្រូវសន្សំសំចៃថវិកាសម្រាប់ចំណាយលើតម្រូវការចាំបាច់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំនេះរាជរដ្ឋាភិបាល បានចំណាយថវិកាសន្សំប្រមាណ១ពាន់លានដុល្លារ សម្រាប់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ និងការទិញម៉ាស៊ីនភ្លើង៤០០មេហ្គាវ៉ាត់ និងចំណាយលើគម្រោងផ្សេងៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកាត់ EBA ក៏មិនធ្វើឱ្យរាជរដ្ឋាភិបាលលានអណ្តាតនោះឡើយ ព្រោះថវិកាចំណាយសម្រាប់ប្រាក់បៀវត្សរ៍មន្ត្រីរាជការមិនបានយកពី EBA ឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលពន្ធបានពីការនាំចូលរថយន្ត និងម៉ូតូ មានជាង ៥០ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនមានដីគ្មានអ្នកត្រូវការ តែឥឡូវមនុស្សដណ្តើមគ្នារកដី ដែលនេះបានមកពីកត្តាសន្តិភាព និងការអភិវឌ្ឍរបស់សង្គម៕