(កំពង់ធំ)៖ ថ្លែងដូច្នេះនៅក្នុងពិធីចែកអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំប្រកបមុខរបរបង្កើបង្កើនផល ចិញ្ចឹមសត្វពាហនៈជាធម្មតា វាមិនមានការឆ្លងនោះទេ និងបន្តអំពាវនាវឲ្យចូលរួមការពារជំងឺកូវីដ១៩ កាន់តែខ្លាំងខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាល ស្ថិតនៅអនុវិទ្យាល័យព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តម សុខ លូ អភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា ជំងឺ COVID-១៩នេះ ជាជំងឺមួយដែលឆ្លងរាលដាលលឿន ហើយកាចសាហាវណាស់ ដែលយើងពិបាកប៉ាន់ស្មាននៃការរីករាលដាលជំងឺនេះ ដូច្នេះ សូមពុកម៉ែបងប្អូនបង្កើននូវការយកចិត្តទុកដាក់ ដោយរក្សាអនាម័យ ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ។ ម្យ៉ាងវិញទៀត យើងមិនត្រូវធ្វេសប្រហែសឲ្យសោះ នូវជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ដែលកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលយើងមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានជំរុញឲ្យក្រុមការងារថ្នាក់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តពិនិត្យបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ នៅតាម ភូមិ-ឃុំ ដើម្បីយកអំណោយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ដោយមិនអាចឱ្យអ្នកណាម្នាក់អត់បាយ ដែលយើងមិនបានដឹងនោះទេ។ ឯកឧត្តមបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនទៅណាឆ្ងាយពីបងប្អូនទេ នៅចាំជួយជានិច្ច ដោយធ្វើសកម្មភាពចុះជួបពុកម៉ែបងប្អូនជារៀងរាល់ថ្ងៃ នៅគ្រប់ទីកន្លែងទាំងអស់។
ចុងក្រោយ ឯកឧត្តម សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងចែកអំណោយជូនដល់ប្រជាពលរដ្ឋ នៅក្នុងមួយគ្រួសារទទួលបាននូវបានអង្ករ ២៥ គីឡូ ទឹកត្រី ១ យួរ ត្រីខ ១ យួរ កន្ទេល ១ និងភួយ ១ ។