ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
…………………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជំរាបជនរួមជាតិជ្រាបនូវការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែន ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីបម្រើប្រជាពលរដ្ឋ៖
ទី១. រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លា និងជាផ្លូវការជាថ្មីទៀត បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់យោធាថៃមួយគ្រឿង បានរំលោភបំពានចូលក្នុងដែនអាកាសកម្ពុជាចម្ងាយ៤០០ម៉ែត្រ នៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ សកម្មភាពនេះរំលោភលើមាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ទីក្រុងឈីកាហ្គោ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤៤) ដែលបញ្ជាក់ថា រដ្ឋនីមួយៗមានអធិបតេយ្យពេញលេញ និងផ្តាច់មុខលើដែនអាកាសពីលើដែនដីរបស់ខ្លួន និងមាត្រា៣(គ)ដែលហាមឃាត់យន្តហោះរបស់រដ្ឋនីមួយៗមិនឱ្យហោះហើរលើដែនដីរដ្ឋដទៃដោយគ្មានការអនុញ្ញាត។ សកម្មភាពនេះក៏រំលោភលើចំណុចទី៦នៃវិធានការបន្ថយភាពតានតឹងដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ ហើយគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្ធូរបន្ថយស្ថានការណ៍ ក៏ដូចជាជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សំដៅសម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ការស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាង។
ការតវ៉ានេះសបញ្ជាក់ជាថ្មីទៀតថា កម្ពុជាការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់ខ្លួន ទាំងដែនគោក ដែនទឹក និងដែនអាកាស ដោយមធ្យោបាយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។
ទី២. សំឡេងការពិតពីព្រំដែនកម្ពុជា-ថៃ ដែលបង្ហាញពីការឈ្លានពានលើបូរណភាពទឹកដីកម្ពុជាដោយបំពានច្បាប់អន្តរជាតិ បានលាន់លឺជាបន្តបន្ទាប់ឥតដាច់តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិល្បីៗ ពីអ្នកស្រឡាញ់សន្តិភាព អ្នកការពារប្រជាជាតិដែលរងការរំលោភបំពាន និងអ្នកដែលផ្តល់តម្លៃដល់ច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោក។ នេះសបញ្ជាក់ថា ពិភពលោកមិននៅស្ងៀមឡើយចំពោះការឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ និងការបំពានសិទ្ធិជនភៀសសឹកកម្ពុជា ខណៈដែលការងារការទូតបាននិងកំពុងបន្តធ្វើយ៉ាងសកម្ម ខ្លាំងក្លា និងរស់រវើករបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹកកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីជូនជនរួមជាតិជ្រាបថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ជាអាទិភាពខ្ពស់បំផុត។ ក្នុងន័យនេះ នយោបាយការទូត បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មនិងព្រមៗគ្នា ទាំងការរទូតក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ទាំងការទូតសភា ដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃឱ្យបានឆាប់តាមមធ្យោបាយសន្តិវិធីដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ តាមរយៈយន្តការនិងកិច្ចព្រមព្រៀងនានាដែលមានស្រាប់។
ជាក់ស្តែង យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដែលផ្តួចផ្តើមដោយកម្ពុជាដើម្បីដោះស្រាយដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ កំពុងដំណើរការទៅមុខតាមនីតិវិធី ខណៈដែលដំណើរការវាស់វែងខណ្ឌសីមាព្រំដែនគោកតាមរយៈយន្តការ JBC និងការវិលត្រឡប់របស់ជនភៀសសឹកទៅកាន់លំនៅដ្ឋានវិញ កំពុងត្រូវបានជំរុញយ៉ាងខ្លាំងដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិ។
ទី៣. រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបន្តអភិវឌ្ឍន៍ទៅមុខដើម្បីបង្កើតសមិទ្ធផលថ្មីៗទៀតជូនជាតិ និងប្រជាជន និងបន្តថែរក្សាសុខសន្តិភាពដែលជាប្រភពនៃសេចក្តីសុខរបស់ប្រជាពលរដ្ឋ បើទោះបីជាដៃម្ខាងកំពុងដោះស្រាយបញ្ហាព្រំដែនយ៉ាងសកម្មយ៉ាងណាក៏ដោយ។ កម្មវិធីគោលនយោបាយដែលបានដាក់ចេញកំពុងមានវឌ្ឍនភាពទៅមុខជានិច្ច ដោយមិនបង្អែរបង្អង់ឡើយ។ រយៈពេល៣ឆ្នាំដំបូងនៃអាណត្តិទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តធ្វើឱ្យសមិទ្ធផលថ្មីៗជាច្រើនលេចចេញជារូបរាង ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងកំណែទម្រង់មុតស្រួចទាំងឡាយក្នុងវិស័យអាទិភាពជាច្រើន ជាពិសេសការបន្តរក្សាបាននូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ជូនថា ព្រះរាជាណាចក្រកម្ពុជាដែលបានស្គាល់សុខសន្តិភាព ការឯកភាពទឹកដី និងឯកភាពជាតិ និងមានការអភិវឌ្ឍន៍លឿនរហ័ស ផ្លាស់ប្តូរមុខមាត់ថ្មី រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ គឺជាលទ្ធផលនៃការផ្សះផ្សាបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ វប្បធម៌នយោបាយនេះបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ការប្រកាសបើកចំហរស្វាគមន៍អ្នកដែលមាននិន្នាការផ្ទុយ ដែលមានឆន្ទៈចូលរួមចំណែកជួយប្រទេសជាតិពិតប្រាកដពីសំណាក់សម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ គឺជាភស្តុតាងបញ្ជាក់ពីការបន្តវប្បធម៌សន្ទនា និងការផ្សះផ្សាបង្រួបបង្រួមជាតិមិនចេះរីងស្ងួតរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលជាក្តីសង្ឃឹមដ៏រឹងមាំ និងតែមួយគត់របស់ប្រជាពលរដ្ឋ៕
សូមអរគុណ!