ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីការដាក់ចេញគោលនយោបាយជាតិ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការងារដ៏សកម្មរបស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដី៖
ទី១. យុទ្ធសាស្ត្រជាតិស្តីពី«ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះគឺជាគោលនយោបាយថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយអាជីវកម្មនិងផលិតកម្មក្នុងស្រុក ជាពិសេសការគាំពារដល់ប្រជាពលរដ្ឋ និងអាជីវករខ្មែរដែលប្រកបមុខរបរតូចតាចនិងមធ្យម។
សម្តេចធិបតី បានចាត់ទុកសហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា«ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលអាចចាត់ទុកថាជា MSMEs សរុបចំនួន ៧៥ ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣ លាននាក់ ក្នុងនោះភាគច្រើនជាស្រ្តី។ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនជ្រាបថា រាជរដ្ឋាភិបាល តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី មានគោលនយោបាយលើកទឹកចិត្ត និងយកចិត្តទុកដាក់លើអាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលធ្វើឱ្យអាជីវកម្មគ្រប់ប្រភេទរីកដុះដាលយ៉ាងខ្លាំង នៅគ្រប់ទិសទី និងដែលបានជួយបង្កើនជីវភាពប្រជាពលរដ្ឋជាលំដាប់។ ក្នុងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុចដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីដើមអាណត្តិកន្លងទៅ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដោយចាត់ទុកជាគោលនយោបាយអាទិភាពមួយ។ យុទ្ធសាស្ត្រនេះ គឺជាការបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូ និងតូច នៅក្រៅប្រព័ន្ធអាចទទួលបានការគាំទ្រកាន់តែទូលំទូលាយ ស្របតាមគោលការណ៍ «មិនទុកនរណាម្នាក់ចោល» នោះឡើយ។
រីឯ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (ឬហៅថា Startup) ឆ្នាំ២០២៦-២០៣០» ក៏ត្រូវបានដាក់ឱ្យអនុវត្តកាលពីពេលថ្មីៗនេះ ដើម្បីជំរុញនវានុវត្តន៍ ការច្នៃប្រឌិត ក្នុងការបង្កើតគំរូអាជីវកម្មថ្មីផ្អែកលើបច្ចេកវិទ្យា សំដៅផ្តល់ឱកាសដល់យុវជនកម្ពុជាឱ្យកាន់តែមានលទ្ធភាពចូលរួមក្នុងការធ្វើធុរកិច្ច និងសហគ្រិនភាព។ ចំណែកឯ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដែលប្រកាសដាក់ឱ្យអនុវត្តពេលនេះ គឺជាជំហានបន្ទាប់ ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានាឱ្យកាន់តែប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សហគ្រាស។ នេះជាសក្ខីភាពដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការជួយគាំពារដល់គ្រប់អាជីវកម្មទាំងអស់របស់ប្រជាពលរដ្ឋខ្មែរឱ្យរីកចម្រើន រាប់តាំងពីអាជីវកម្មតូចតាចឡើងទៅដោយមិនមើលរំលងអាជីវកម្មណាមួយឡើយ។
ទី២. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលតែងតែលើកបញ្ហាព្រំដែនកម្ពុជា-ថៃ នៅគ្រប់វេទិកាទាំងអស់ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រាប់ឱ្យពិភពលោកបានដឹងពីការពិត គឺមិនមែនជាការចោទប្រកាន់អ្នកណាទេ។ សម្តេចបានថ្លែងអំណរគុណគ្រប់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើការងារនេះ។ នេះហើយជាភាពសកម្មរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ពោលគឺ ម៉ោងនេះ គ្រប់វិនាទីដើម្បីការពារទឹកដី។ ដូច្នេះ សម្តេចធិបតីសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់និន្នាការ សូមរួមចិត្ត រួមគំនិត និងអារម្មណ៍ដើម្បីការពារទឹកដីដោយទុកឱកាសជូនរាជរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនឱ្យបានចប់សិនចាំជជែកគ្នារវាងខ្មែរនិងខ្មែរនៅពេលក្រោយ។ ចំណែកពេលនេះ រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មបំផុតដើម្បីដោះស្រាយនិងទាមទារទឹកដីដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនិងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី នៅកម្ពុជា កាលពីថ្ងៃទី១៩ និង២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ប្រមុខការទូតកម្ពុជាក៏បានជម្រាបជូនសមភាគីក្រូអាស៊ី អំពីស្ថានការណ៍វិវត្តន៍ថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការសន្ទនានិងស្របតាមច្បាប់អន្តរជាតិ។
នេះក៏ជាឧទាហរណ៍ជាក់ស្តែងមួយទៀតដែលបង្ហាញថា រាជរដ្ឋាភិបាលមិនដែលភ្លេចការទាមទារទឹកដីដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់សូម្បីមួយវិនាទីណាឡើយ។ ចំណែកក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលតែងតែលើកពីបញ្ហាព្រំដែនដើម្បីចោទប្រកាន់រាជរដ្ឋាភិបាល គឺជាការមួលបង្កាច់ដើម្បីកេងចំណេញនយោបាយសុទ្ធសាធ តែគ្មានមូលដ្ឋានការពិតដែលអាចជឿជាក់បានឡើយ៕