ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ និងនិស្សិតជ័យលាភីលេខ១ ដល់លេខ៥ស្ទួន នៃកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈក្រោមប្រធានបទ «តើយុវជនត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០?»។ កម្មវិធីនេះ ដែលបានរៀបចំឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តនិស្សិតជ័យលាភីឱ្យខិតខំប្រឹងប្រែងពង្រឹងនិងសម្រួចខ្លួនដើម្បីក្លាយជាជនបង្គោល ជាកម្លាំងចលករដ៏សកម្ម ដើម្បីពាំនាំនិងផ្សព្វផ្សាយគោលនយោបាយជាតិ ជាពិសេស មុំទី១ ស្តីពី «មូលធនមនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ទៅកាន់សាធារណជន និងយុវជនរួមសាកលវិទ្យាល័យ។

គោលបំណងគឺដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់យុវជនក្នុងដំណើរការអភិវឌ្ឍជាតិឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ តាមការគ្រោងទុករបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕






