«ការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង គឺជាកម្លាំងជំរុញសំខាន់ជាងគេដើម្បីឱ្យយុវជនដឹកនាំជីវិតឆ្ពោះទៅរកពន្លឺអនាគត និងជាស្ពានចម្លងខ្លួនឱ្យក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភាព ដែលរាជរដ្ឋាភិបាលចង់បាន។ ដូច្នេះ ក្មួយៗយុវជនត្រូវចងចាំថា ក្រៅពីពង្រឹងខ្លួនឯងឱ្យក្លាយជាអ្នកមានចំណេះដឹង និងមានជំនាញពិតប្រាកដ ក្មួយៗក៏ត្រូវតែធ្វើខ្លួនជាមនុស្សដែលមានវិន័យ សីលធម៌ ភាពស្មោះត្រង់ និងមនសិការស្នេហាជាតិដ៏ពិតប្រាកដ ហើយត្រូវចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។
នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងបាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដោយមានការអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាស្វាគមន៍ពីលោក ធូ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងនិស្សិតមកពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវសរុបប្រមាណ ៥០០នាក់។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដែលមានមុំទី១ ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាការផ្តល់ឱកាស និងផ្តល់តម្លៃសមត្ថភាពធនធានមនុស្ស ជាពិសេសផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍខ្លួន។ ដូច្នេះ យុវជនគ្រប់រូបត្រូវខិតខំរៀនសូត្រ និងត្រូវចាប់យកឱកាសដ៏វិសេសវិសាលនេះឱ្យបាន ដោយត្រូវ «រៀនឱ្យលើសពីចេះ» ពោលគឺមិនត្រឹមតែចេះទ្រឹស្តីដើម្បីទទួលបានសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវមានសមត្ថភាពអនុវត្ត និងដោះស្រាយបញ្ហាតាមស្ថានភាពជាក់ស្តែងប្រកបដោយភាពបត់បែន។ ការពង្រឹងចំណេះដឹងនិងជំនាញ នឹងជួយឱ្យយុវជនមានភាពរឹងមាំ និងត្រៀមខ្លួនបានរួចជាស្រេចក្នុងការដើរចូលក្នុងទីផ្សារការងារដែលមានភាពប្រកួតប្រជែងខ្លាំង។ ដូច្នេះ អ្នកដែលមានសមត្ថភាពពិតប្រាកដ មិនត្រឹមតែអាចបង្កើតឱកាសសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិផងដែរ។
ទន្ទឹមនឹងការខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាព ឯកឧត្តម ប៉ែន បូណា បានរំលឹកថា វិន័យ សីលធម៌ និងភាពស្មោះត្រង់ គឺជាគុណតម្លៃស្នូលដែលត្រូវដើរទន្ទឹមគ្នាជាមួយចំណេះដឹង និងជំនាញ ដើម្បីកសាងយុវជនឱ្យក្លាយជាមូលធនមនុស្សប្រកបដោយគុណភាព និងការទទួលខុសត្រូវ។ ជាពិសេស ក្នុងបរិបទដែលប្រទេសជាតិកំពុងប្រឈមនឹងការឈ្លានពានទឹកដីយ៉ាងកម្រោលដូចដែលយើងបានឃើញនេះ ការបណ្តុះមនសិការស្នេហាជាតិ កាន់តែមានសារៈសំខាន់សម្រាប់យុវជនជំនាន់ថ្មី។ យុវជនត្រូវចូលរួមថែរក្សាសាមគ្គីភាព ផ្តល់ការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកក្នុងការការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ ស្របតាមតួនាទី និងសមត្ថភាពរបស់ខ្លួន៕



