បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦

…………………….

ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូននូវព្រឹត្តិការណ៍ថ្មីៗ និងសង្ខេបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ឡើងវិញ ដែលមានដូចតទៅ៖

ទី១. រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា តាមបណ្ដោយព្រំដែន។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយនិងសាងសង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចន្លោះបង្គោលព្រំដែនលេខ៩ លេខ១០ និងលេខ១១។ បន្ទាប់មក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃក៏បានបាញ់ថ្នាំពណ៌ក្រហមលើដើមឈើ នៅចន្លោះបង្គោលព្រំដែនលេខ១០ និងលេខ១១ ដើម្បីត្រៀមរៀបចំការបន្តសាងសង់ផ្លូវបន្ថែមទៀតនៅតំបន់ដដែលនេះ។

រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងសកម្មភាពខាងលើ ដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់និងខណ្ឌសីមា ដោយផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

សកម្មភាពទាំងនេះក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ ស្តីពីវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងក្នុងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ និងជាឯកតោភាគីទាំងនេះ ហើយត្រូវធ្វើយ៉ាងណាដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាពនិងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។

ទី២. កម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដដែលៗរបស់អាជ្ញាធរយោធាថៃដែលថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា។ ការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ គឺជាការបំភ្លៃការពិត មានគោលដៅបំភាន់សាធារណជនដើម្បីបង្វែរសាធារណមតិចេញពីការយកចិត្តទុកដាក់លើបំផ្លិចបំផ្លាញ និងការខូចខាតបេតិកភណ្ឌវប្បធម៌របស់កម្ពុជាដែលកងកម្លាំងប្រដាប់អាវុធថៃបានបង្កឡើង។ ទន្ទឹមនឹងនេះ កម្ពុជាក៏តវ៉ាដាច់អហង្ការចំពោះវត្តមានរបស់កងកម្លាំងយោធាថៃ និងសកម្មភាពឯកតោភាគីនានាដែលអាជ្ញាធរថៃបានអនុវត្តនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ និងទីតាំងបុរាណវិទ្យាផ្សេងទៀតរបស់កម្ពុជា តាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដោយគ្មានការអនុញ្ញាតពីកម្ពុជា។

ទី៣. តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានប្រកាសឱ្យដឹងថា គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជានិងថៃ នៅក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ វិធានការកសាងទំនុកចិត្តទាំងនេះមានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។

សំណុំវិធានការពេញលេញដែលឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីទាំងពីរចំពោះការសន្ទនា និងនីតិរដ្ឋ ព្រមទាំងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា ត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធ នៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។ គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា ការឯកភាពគ្នានិងវិធានការដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងពីមុនមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ ហើយគណៈកម្មការផ្សះផ្សាលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្ត ដែលនឹងជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយស្ថាបនាក្នុងដំណើរការផ្សះផ្សានេះ។ គណៈកម្មការផ្សះផ្សាលើកទឹកចិត្តឱ្យភាគីទាំងពីរដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត។

ទី៤. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៃការនាំចេញអង្ករលើសពី ១លានតោនក្នុងឆ្នាំ២០២៦ នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជាបានហក់ឡើងដល់ ១ ០១៤ ៤៤២ តោនហើយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីចាត់ទុកថា នេះគឺជាការបំបែកកំណត់ត្រាឆ្នាំចាស់បានយ៉ាងជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មកម្ពុជាទាំងមូល៕