បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦
…………………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល​សូមជម្រាបជូនបងប្អូនជនរួមជាតិអំពីសមិទ្ធផលធំៗ​លេចរូបរាងជាបន្តបន្ទាប់ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបច្ចុប្បន្នភាពបញ្ហាព្រំដែន៖

ទី១. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាបន្តបន្ទាប់នូវ​សមិទ្ធផលធំៗដែលជាប្រយោជន៍សម្រាប់ជាតិនិងប្រជាជន។ ជាក់ស្តែង អគារសិក្សាថ្មី ៥ខ្នង ៥៥បន្ទប់ និងសមិទ្ធផលនានាមួយចំនួនទៀត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​នៅឯវិទ្យាល័យទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី។ សមិទ្ធផល​ទាំងនេះត្រូវបានសាងសង់ឡើងក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជា ដែលផ្តល់​ផលប្រយោជន៍យ៉ាងធំធេងក្នុងវិស័យអប់រំសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យអប់រំជាអាទិភាពដើម្បីកសាងមូលធនមនុស្ស។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនថា គ្រាន់តែរយៈពេល ៣ខែចុងក្រោយ សមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តធំៗជាច្រើន​បានលេចចេញជារូបរាង​ជាបន្តបន្ទាប់ដើម្បីបម្រើផលប្រយោជន៍​ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង កាលពីខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC ​ក្នុងស្រុកកំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង។ រោងចក្រនេះជាការវិនិយោគនិងគ្រប់គ្រងប្រតិបត្តិការដោយ​​កូនខ្មែរ ១០០% និងដែលមានសមត្ថភាពផ្គុំដំឡើងរថយន្តបានប្រមាណ ២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ក្នុងនោះ ៩០% សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង ១០% សម្រាប់នាំចេញ ដោយ​បង្កើតការងារជំនាញបច្ចេកទេសជូនប្រជាពលរដ្ឋកម្ពុជាចំនួន ២៥០នាក់។

វត្តមាននៃរោងចក្រនេះឆ្លុះបញ្ចាំង​ពីការបោះជំហានជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការធ្វើបរិវត្តកម្មវិស័យ​​ឧស្សា​ហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម (ដែលពឹងផ្អែកលើកម្លាំងពលកម្ម) ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន បច្ចេកវិទ្យា និងជំនាញកម្រិតខ្ពស់។ បច្ចុប្បន្ន កម្ពុជាមាន​រោងចក្រផ្គុំនិងតម្លើងរថយន្តសរុបចំនួន១៥ ក្នុងនោះរោងចក្រ ១០កំពុងដំណើរការ។

ក្នុងខែកញ្ញាដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការមន្ទីរពេទ្យ ហ្លួងម៉ែ ក្នុងរាជធានីភ្នំពេញ ដែលមានឯកទេសព្យាបាលជំងឺមហារីក​ដោយ​មានការបំពាក់ឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដារអន្តរជាតិ។ វត្តមាននៃមន្ទីរពេទ្យឯកទេសនេះ គឺដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ និងជួយសង្គ្រោះពលរដ្ឋពីជំងឺរាំរ៉ៃ។ កាលពីអំឡុងខែសីហា សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលជាច្រើនក្នុងខេត្តស្ទឹងត្រែង និងសម្ពោធផ្លូវក្នុងខេត្តក្រចេះ។ សមិទ្ធផលធំៗដែលកើតមានក្នុងគ្រប់វិស័យ​​បានផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់ប្រទេសជាតិ និងប្រជាជន និង​បាន​កើតចេញជារូបរាងឡើងក្នុងចំណោមសមិទ្ធផលតូច-ធំ រាប់មិនអស់​ក្រោមការដឹកនាំ​របស់​រាជរដ្ឋាភិបាល និងជាផ្លែផ្កានៃសន្តិភាព។

ទី២. ពាក់ព័ន្ធបញ្ហាព្រំដែន៖
រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្មដើម្បីដោះស្រាយ ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក ជាមួយប្រទេសថៃ។

សម្រាប់ព្រំដែនសមុទ្រ៖
កិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយប្រទេសកម្ពុជានិងថៃ ទើបតែបានបើកធ្វើកាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ដំណោះស្រាយដោយសមស្រប និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។ គណៈកម្មការផ្សះ​ផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ របស់ខ្លួនជាមួយភាគីកម្ពុជានិងថៃ នាចុងខែវិច្ឆិកានេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

សម្រាប់ព្រំដែនគោក៖
កម្ពុជា​គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់និងយ៉ាងស្មោះត្រង់នូវបទឈប់បាញ់ និងស្មារតីក៏ដូចជា​ខ្លឹមសារ​ទាំង​ស្រុង​នៃសេចក្តីប្រកាស​រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យ​គណៈកម្មការ​ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងកំណត់ខណ្ឌ​សីមាប្រទេសទាំងពីរ​ជាបន្ទាន់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។​​ កម្ពុជាបានផ្ញើកំណត់ទូតទៅភាគីថៃដើម្បីស្នើបើកកិច្ចប្រជុំគណៈកម្មការ JBC ចំនួន១២លើកហើយ គិតចាប់តាំងពីក្រោយបទឈប់បាញ់​លើកទី២ ប៉ុន្តែ ភាគីថៃមិនទាន់បានអនុវត្តនៅឡើយ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានរារាំងប្រជាពលរដ្ឋភៀសសឹកប្រមាណ២ម៉ឺននាក់ ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ​។

កម្ពុជាបាននិងកំពុងជំរុញការអនុវត្តចំណុចនេះឱ្យមានប្រសិទ្ធភាព និងឱ្យបានលឿនបំផុតតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។ កម្ពុជាគោរពយ៉ាងដាច់ខាតនូវខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដែលបានកំណត់រួចហើយ និងមិនទទួលយកជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន​ណាមួយដែលកើតចេញពីការប្រើកម្លាំង៕

សូមអរគុណ!