ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
…………………….
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបនិងបញ្ជាក់ជូនសាធារណជនជ្រាបអំពីព័ត៌មានបច្ចុប្បន្នភាពសំខាន់ៗពីរាជរដ្ឋាភិបាល ដែលមានដូចតទៅ៖
ទី១. ព្រះរាជាណាចក្រកម្ពុជាកំពុងត្រៀមខ្លួនទទួលកិច្ចប្រជុំកំពូលលើកទី២០ នៃហ្វ្រង់កូហ្វូនីនិងដោយមានព្រឹត្តិការណ៍អមជាច្រើនទៀត។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រព្រឹត្តពីថ្ងៃទី១៥ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រោមមូលបទ «រួមគ្នាកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ មូលបទនេះសបញ្ជាក់ច្បាស់ថា សន្តិភាព វិបុលភាព និងស្ថិរភាព មិនត្រឹមតែជាអ្វីដែលកម្ពុជាចង់បានប៉ុណ្ណោះទេ តែវាក៏ជាអ្វីដែលពិភពលោកកំពុងត្រូវការយ៉ាងខ្លាំងបំផុត ក្នុងបរិបទដែលសង្គ្រាមក្នុងតំបន់ជាច្រើនកំពុងធ្វើឱ្យសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា ហើយមនុស្សជាតិកំពុងព្រួយបារម្ភខ្លាំងអំពីការបាត់បង់សន្តិភាព វិបុលភាព និងស្ថិរភាពរបស់ពិភពលោក។
មានគណៈប្រតិភូប្រមាណជា៨០ ក្នុងនោះមានថ្នាក់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលមកពីជាង ២០ប្រទេសនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះដោយផ្ទាល់។ ស្របពេលជាមួយគ្នានេះក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងផ្លូវការចំនួន៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ វត្តមាននៃបណ្ដាគណៈប្រតិភូជាន់ខ្ពស់អន្តរជាតិ រួមទាំងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ បានបង្ហាញពីការផ្ដល់កិត្តិយស និងទំនុកចិត្តយ៉ាងធំធេងដល់កម្ពុជា ដែលជាប្រទេសតូចតែមានសមត្ថភាពអាចរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំបែបនេះបានប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់។ មោទនភាពនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាជាផ្លែផ្កានៃសុខសន្តិភាព និងការដាក់ចេញគោលនយោ បាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។
ម្យ៉ាងទៀត មូលបទស្ដីពី «រួមគ្នាកសាងសន្តិភាពដើម្បីវិបុលភាពរួមនិង ស្ថិរភាពយូរអង្វែង» ពិតជាសមស្របជាមួយបទពិសោធន៍យ៉ាងជោគជាំរបស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ ការបែកបាក់ជាតិ រហូតធ្លាក់ក្នុងរបប្រល័យពូជសាសន៍យ៉ាងរង្គាល…ទម្រាំតែកសាងសន្តិភាពបានពេញលេញនិងថែរក្សាសន្តិភាពឱ្យគង់វង្សយូរអង្វែងមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រសម័យទំនើបដូចសព្វថ្ងៃ។ នេះបង្ហាញឱ្យឃើញថា សន្តិភាព វិបុលភាព និងស្ថិរភាព ដែលកម្ពុជាកំពុងថែរក្សាក្នុងដៃ ពិតជាមានតម្លៃមិនមែនសម្រាប់តែកម្ពុជាខ្លួនឯងទេ តែក៏សម្រាប់ចែករំលែកដល់បណ្ដាប្រទេសផ្សេងទៀតដែរ។
រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ បណ្ដាប្រទេសជាច្រើនបានទទួលស្គាល់ និងបានសិក្សាពីការកសាងសន្តិភាពរបស់កម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ការប្រកាន់គោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ គឺជាឧទាហរណ៍ជាក់ស្ដែង ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈរលើគោលការណ៍គ្រឹះនៃសន្តិភាព និងនយោបាយឈ្នះឈ្នះដើម្បីដោះស្រាយបញ្ហាជំនួសឱ្យការប្រឈមមុខគ្នាដោយអាវុធ។
ទី២. ឆ្លើយតបចំពោះការលើកឡើងពីសេរីភាពបញ្ចេញមតិ និងសេរីភាពនយោបាយនៅកម្ពុជា ក៏ដូចជាដើម្បីចូលរួមលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកបដោយគុណភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមលើកយកមាត្រាច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិដែលមានដូចតទៅ៖
មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា៖ ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ របបសារព័ត៌មានត្រូវកំណត់ដោយច្បាប់។
-មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយចែងថា៖ ការប្រើប្រាស់សិទ្ធិដែលមានចែងក្នុងកថាខណ្ឌ២ នៃមាត្រានេះតម្រូវឱ្យមានករណីយកិច្ច និងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់និងដែលចាំបាច់ដើម្បី៖(ក) គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, (ខ)ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌សាធារណៈ ។
-មាត្រា២៩(២) នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សចែងថា៖ ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះ ក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្ដីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្ដាប់ធ្នាប់សាធារណៈ និងសុខុមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាធានាការពារសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតរបស់កម្ពុជា ក៏ដូចជាកតិកាសញ្ញាអន្តរជាតិ និងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ដូចបានលើកឡើងខាងលើ ពោលគឺសេរីភាពនៃការបញ្ចេញមតិត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវដោយគោរពច្បាប់ គោរពសិទ្ធិ និងកិត្តិសព្ទអ្នកដទៃ និងមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ នេះគឺជាគោលការណ៍ដែលត្រូវបានអនុវត្តនៅទូទាំងពិភពលោក៕