បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦

…………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសំខាន់២កំពុងកើតឡើងនៅលើទឹកដីកម្ពុជា តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលមិនភ្លេចកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន៖

ទី១. កម្ពុជា-បារាំង បានបំបែកឯតទគ្គកម្មក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាច្រើនបំផុតក្នុងពេលតែមួយ ដោយភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដល់ទៅ២៩ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកម្ពុជានាពេលនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចនេះថា បានផ្ដល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង ដែលជាផលប្រយោជន៍រួមរវាងប្រទេសនិងប្រជាជនទាំងពីរ។

កិច្ចព្រមព្រៀងទាំង២៩ពាក់ព័ន្ធនឹងវិស័យជាច្រើនដែលក្នុងនោះមានជាអាថ៌៖ កិច្ចព្រមព្រៀងពន្ធដារទ្វេភាគី, កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងលក្ខន្តិកៈកងកម្លាំងប្រដាប់អាវុធ, សេចក្តីប្រកាសបំណងស្ដីពីការគាំទ្រ និងការរៀបចំរចនាសម្ព័ន្ធវិជ្ជាជីវៈបេតិកភណ្ឌ, ឯកសារស្ដីពីការប្តេជ្ញាចិត្តចំពោះគម្រោងស្ថានីយបញ្ជូននិងរក្សាថាមពលវារីអគ្គិសនី, សេចក្ដីប្រកាសបំណងស្ដីពីការបង្កើតយន្តការស្រាវជ្រាវសុខភាពសាធារណៈ, កិច្ចសន្យាបង្កើតទីផ្សារបោះដុំ និងឯកសារអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងវិស័យសាធារណៈនិងឯកជនចំនួន ២៣ ផ្សេងទៀត។ ក្រៅពីការបំបែកឯតទគ្គកម្មកិច្ចព្រមព្រៀង ភាពស្និទ្ធស្នាលប្រកបដោយមនោសញ្ចេតនាដ៏ពិសេសរវាងថ្នាក់ដឹកនាំកម្ពុជា-បារាំង និងភាពស្និទ្ធស្នាលរវាងប្រធានាធិបតីបារាំងជាមួយប្រជាជនកម្ពុជា ក៏ជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយដែរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងនៅលើទឹកដីកម្ពុជានាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីព្រោះវាបានកើតឡើងរយៈពេល ៦០ឆ្នាំ ក្រោយពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ឧត្តមសេនីយ៍ Charles de Gaule កាលពីឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ប្រធានាធិបតី Francois Mitterrand នៅឆ្នាំ១៩៩៣។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី  Emmanuel Macron នៅពេលនេះក៏បានកើតឡើងចំពេលដែលកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ីទាំងមូល ពីព្រោះកម្ពុជាបាននាំមកកាន់ដែនដីអាស៊ីវិញនូវព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ បន្ទាប់ពីបានកើតឡើងម្ដងនៅវៀតណាមកាលពីឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងពីរដែលកំពុងកើតឡើងដំណាលគ្នានេះបានធ្វើឱ្យកម្ពុជាដែលគេប្រសិទ្ធនាមថា «ព្រះរាជាណាចក្រនៃស្នាមញញឹម» ក្លាយជាប្រទេសដែលទាក់ទាញក្រសែភ្នែកពិភពលោកយ៉ាងខ្លាំងបំផុតដ៏គួរជាទីមោទនៈក្រៃលែង។

ទី២. ដូចដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី បានប្រកាសប្រាប់ប្រជាជាតិខ្មែររួចហើយថា កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ គឺក្នុងន័យនេះហើយដែលរាជរដ្ឋាភិបាលមិនដែលភ្លេចឡើយចំពោះអាទិភាពរបស់ខ្លួន។ ជាក់ស្ដែង ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលលើកទី២០នៃអង្គការហ្វ្រង់កូហ្វូនី កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅឆ្នាំ២០២៥ ការប៉ះទង្គិចដោយអាវុធបានកើតឡើង២លើករវាងកម្ពុជានិងថៃ ដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ។ មនុស្សបានបាត់បង់ជីវិត ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ ព្រឹត្តិការណ៍នេះបាន រំឭកយើងថា សន្តិភាពមិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀងរហូតនោះឡើយ។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តថា៖ «បទឈប់បាញ់ដែលបានព្រមព្រៀង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត ប៉ុន្តែ ស្ថានភាពនៅតែមានភាពស្មុគស្មាញ និងផុយស្រួយនៅឡើយ។ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា ខណៈដែលដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ការធានាឱ្យជនភៀសសឹកទាំងនោះអាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្ដីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង»។

សម្តេចធិបតី នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជានិងថៃ និងស្នើសុំឱ្យមានការចាប់ផ្ដើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក ពីព្រោះព្រំដែនកម្ពុជា-ថៃ មិនមែនជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរជាតិដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយត្រូវបានគូសវាសយ៉ាងច្បាស់លាស់រួចហើយតាំងពីជាងមួយសតវត្សរ៍មុនមកម្ល៉េះ។ ដូច្នេះ នេះគឺជាខ្សែបន្ទាត់ព្រំដែនដែលភាគីទាំងអស់ត្រូវតែទទួលស្គាល់ និងគោរពយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់អន្តរជាតិ។

សម្តេចធិបតីក៏បានបញ្ជាក់ថា កម្ពុជាមានឆន្ទៈច្បាស់លាស់ គឺចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ នាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត។ គោលការណ៍នេះ គឺជាបញ្ហាដែលពាក់ព័ន្ធដល់សហគមន៍អន្តរជាតិទាំងមូល។ គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងអាវុធឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង(Faits Accomplis)នោះឡើយ។

ការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្ដារដ្ឋ មិនថាជារដ្ឋធំឬតូចឡើយ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់អាស៊ាន និងបណ្ដាប្រទេសមិត្តទាំងអស់នៃសហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និងដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ៕