ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦
…………………………
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបអំពីព័ត៌មានសំខាន់ៗ ស្ដីពីកិច្ចការងាររបស់រាជរដ្ឋាភិបាលដើម្បីប្រទេសជាតិនិងប្រជាជនដែលមានដូចតទៅ៖
ទី១. ស្របពេលនៃការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលលើកទី២០នៃហ្វ្រង់កូហ្វូនី ព្រះរាជាណាចក្រកម្ពុជា ក៏ទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋចំនួន២ និងទស្សនកិច្ចផ្លូវការ១។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទាំង២រួមមាន៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា និងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame)ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ប្រធានាធិបតីបារាំងនឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងជួបប្រជុំជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ប្រធានាធិបតីបារាំង នឹងអញ្ជើញចូលរួមជាអធិបតីជាមួយព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប។
កិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនពាក់ព័ន្ធវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិ នឹងត្រូវចុះហត្ថលេខារវាងភាគីកម្ពុជានិងបារាំង ក្នុងអំឡុងទស្សនកិច្ចនេះ។ ឯកសារកិច្ចព្រមព្រៀងទាំងនោះនឹងផ្ដល់នូវកាលានុវត្តភាពក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី បើកទំព័រសករាជថ្មី នៃទំនាក់ទំនងកម្ពុជា-បារាំង និងកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងមកកម្ពុជានេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ពីព្រោះនេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុត បន្ទាប់ពីទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី ហ្សាល ដឺហ្គោល នៅឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ប្រធានាធិបតី ហ្រ្វង់ស្វ័រ មីតេរ៉ង់ នៅឆ្នាំ១៩៩៣។
ចំណែកឯប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា ឯកឧត្តម ផូល ខាហ្គាម៉េ ក៏នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងមានជំនួបដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្ដូរទស្សនៈស្តីពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀង និងឯកសារសហប្រតិបត្តិការមួយចំនួនក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ អាកាសចរណ៍ និងទេសចរណ៍ ក៏នឹងត្រូវចុះហត្ថលេខាដើម្បីផ្ដល់នូវកម្លាំងចលករថ្មីដល់ទំនាក់ទំនងទ្វេភាគី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធថែមទៀត ព្រមទាំងបើកផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជានិងរវ៉ាន់ដា។ រីឯនាយករដ្ឋមន្ត្រីកាណាដា ឯកឧត្តម Mark Carney ក៏នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះដែរ។
ទី២. រហូតមកទល់ពេលនេះ ទោះបីជាបទឈប់បាញ់លើកទី២ បានចូលជាធរមាន តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏នៅសល់ជនភៀសសឹកប្រមាណជា២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែការរារាំង តាមរយៈការដាក់ទូកុងតឺន័រ ការរាយបន្លាលួស និងការបំផ្លិចបំផ្លាញផ្ទះសម្បែងពីសំណាក់កងកម្លាំងយោធាថៃ។ ប្រឈមមុខនឹងបញ្ហានេះរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយច្បាស់លាស់ និងបន្ទាន់ដើម្បីជួយគាំពារជនភៀសសឹក ដោយគិតគូរទាំងសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងការស្តាឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ។
ជាក់ស្ដែង រាជរដ្ឋាភិបាលបានផ្ដល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្ដោះអាសន្ននៅក្នុង «ភូមិរង់ចាំ» ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនាពេលអនាគត។ ប្រជាពលរដ្ឋភៀសសឹកក៏ទទួលបានការគិតគូរ ដល់សន្តិសុខ សុវត្ថិភាព ជីវភាព និងសុខភាព តាមរយៈការដោះស្រាយជូនបងប្អូននូវភ្លើងអគ្គិសនី ទឹកស្អាត និងការឧបត្ថម្ភស្បៀងអាហារ ការសិក្សារបស់កុមារ រួមទាំងសេវាសុខាភិបាលផង។ ទន្ទឹមនឹងនោះ ការងារការទូតបាននិងកំពុងដើរតួនាទីយ៉ាងសកម្ម ឥតឈប់ឈរ នៅគ្រប់កម្រិតនិងគ្រប់យន្តការដែលមាន ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ក្រោមអភិក្រម «កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»៕
សូមអរគុណ!