បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦

…………………….

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនជនរួមជាតិអំពីបច្ចុប្បន្នភាពនៃព្រឹត្តិការណ៍សំខាន់ៗដែលកំពុងកើតឡើង និងជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ៖

ទី១. ភូមិហ្វ្រង់កូហ្វូនី (Le village de la Francophonie) ដែលជាព្រឹត្តិការណ៍អមដ៏ធំមួយនៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី បានចាប់ផ្តើមបើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ដោយមានការចូលរួមពីអគ្គលេខាធិការហ្វ្រង់កូហ្វូនី លោកជំទាវ Louise Mushikiwabo។ «ភូមិហ្វ្រង់កូហ្វូនី» បើកដំណើរការចាប់ពីថ្ងៃទី១៣ ដល់១៧ ខែវិច្ឆិកា នៅឯសួនច្បារមុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។

សូមបញ្ជាក់ជូនថា កាលពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលបានប្រព្រឹត្តទៅនៅឯ​ទីក្រុង Villers-Cotterêts ប្រទេសបារាំង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូល នៅចំពោះមុខប្រមុខដឹកនាំរដ្ឋ រដ្ឋាភិបាល និងតំណាងមកពីជាង៨០ប្រទេសថា «នៅឆ្នាំ២០២៦ ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមនៃហ្វ្រង់កូហ្វូនី»។ ព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះមហាក្សត្រ បានក្លាយជាសារដ៏មានសារៈសំខាន់សម្រាប់បណ្តារដ្ឋជាសមាជិកហ្វ្រង់កូហ្វូនី ដែលច្ចុប្បន្នកំពុងក្លាយជាការពិតតាមរយៈព្រឹត្តិការណ៍«ភូមិហ្វ្រង់កូហ្វូនី» នៅកណ្តាលរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ ការស្វាគមន៍យ៉ាងកក់ក្តៅ រាក់ទាក់ជាមួយស្នាមញញឹមដ៏ស្រស់ស្រាយរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ បានផ្តល់ភាពស្និទ្ធស្នាល និងកក់ក្តៅ យ៉ាងខ្លាំងដល់ភ្ញៀវបរទេសទាំងឡាយដែលចូលរួមព្រឹត្តិការណ៍នេះ។

ទី២. សុខសន្តិភាពបានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មីសម្រាប់នយោបាយការទូត៖ ក្រោយឆ្លងកាត់ការបែកបាក់ ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹតអស់រយៈពេលជិត៣ទសវត្សរ៍ ព្រះរាជាណាចក្រកម្ពុជាបានបើកទំព័រថ្មីនៃសន្តិភាពនិងស្ថិរភាពសង្គមរយៈពេលយូរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ។ នេះជាពេលវេលាដែលអនុញ្ញាតឱ្យកម្ពុជាធ្វើសមាហរណកម្មយ៉ាងឆាប់រហ័សចូលទៅក្នុងសហគមន៍អន្តរជាតិក្រោមយុទ្ធសាស្ត្រត្រីកោណរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ពីប្រទេសមួយដែលឯកោបំផុតទៅជាប្រទេសដែលមានចំណងការទូតរស់រវើកជាមួយបណ្តាប្រទេសនានានៅគ្រប់ជ្រុងជ្រោយនៃពិភពលោក គឺជាជោគជ័យដ៏ធំធេងមួយដែលកើតចេញពីការដឹកនាំប្រកបដោយបញ្ញាញាណនិងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនៃអាណត្តិជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់បិតាស្ថាបនិកសន្តិភាពនិងនយោបាយឈ្នះឈ្នះនៃកម្ពុជា។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តនយោបាយការបរទេសដ៏ត្រឹមត្រូវនេះដោយផ្តោតលើ «ការពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី» និង «ការទូតសេដ្ឋកិច្ច»។ ព្រឹត្តិការណ៍អន្តរជាតិដ៏ធំបំផុតមួយដែលកំពុងកើតមាននៅលើទឹកដីកម្ពុជានាពេលនេះ គឺជាផលជាក់ស្តែងនៃសន្តិភាព និងនយោបាយការបរទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ទី៣. រាជរដ្ឋាភិបាលកម្ពុជារក្សាជំហរម៉ឺងម៉ាត់ចំពោះដំណោះស្រាយបញ្ហាព្រំដែន៖ ដោយឈរលើគោលការណ៍គ្រឹះនៃសន្តិភាព និងការគិតគូរខ្ពស់ដល់សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការពារដាច់ខាតខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយ ខណៈដែលការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅតាមបណ្តាយព្រំដែននៅតែបន្តធ្វើជានិច្ច៕

សូមអរគុណ!