ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
…………………….
អភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពី «កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន» មិនមែនត្រឹមតែជាពាក្យសម្ដី ប៉ុន្តែ វាត្រូវបានអនុវត្តយ៉ាងសកម្ម និងកាន់តែខ្លាំងក្លាឡើងរហូតទាល់តែបញ្ហាព្រំដែនជាមួយប្រទេសថៃត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយជនភៀសសឹកទាំងអស់ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។
ជាក់ស្ដែង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ និងបានអនុម័តសេចក្ដីសម្រេចស្ដីពី «ស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី» ដែលមានខ្លឹមសារសរុប៨៤ចំណុច គ្របដណ្ដប់លើបណ្ដាប្រទេស និងតំបន់សំខាន់ៗជុំវិញពិភពលោក ក្នុងនោះក៏មានបញ្ហាព្រំដែនកម្ពុជា-ថៃ ដែរ។ សូមបញ្ជាក់ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានសមាជិក ៩០ប្រទេស និងប្រមូលផ្តុំដោយអ្នកនិយាយភាសាបារាំងជាង ៣០០លាននាក់នៅជុំវិញពិភពលោក។
ពាក់ព័ន្ធនឹងកម្ពុជា សេចក្ដីសម្រេចនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វីនីលើកទី២០ បានសម្ដែងការព្រួយបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អះអាងសាជាថ្មីអំពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីសម្រេចបានសម្ដែងការសោកស្ដាយចំពោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំ ជាពិសេសប្រជាជនកម្ពុជា ដោយអំពាវនាវឱ្យធានាការការពារប្រជាជនស៊ីវិល ការផ្ដល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងត្រូវលុបបំបាត់ឧបសគ្គ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញប្រកបដោយសុវត្ថិភាព ដោយស្ម័គ្រចិត្ត និងយូរអង្វែង។
សេចក្ដីសម្រេចបានគូសបញ្ជាក់ថា រាល់វិវាទព្រំដែនត្រូវតែដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខប៉ុណ្ណោះ ស្របតាមច្បាប់អន្តរជាតិ ហើយមិនអាចមានការផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនណាមួយតាមរយៈការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពជាក់ស្ដែងនៅលើដី (Faits Accomplis) នោះឡើយ។ កិច្ចប្រជុំកំពូលលើកទី២០របស់ហ្វ្រង់កូហ្វូនី ក៏បានអំពាវនាវឱ្យអនុវត្តសេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការចាប់ផ្ដើមឡើងវិញឱ្យបានឆាប់រហ័សបំផុតនូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់។ ទន្ទឹមគ្នានេះ សេចក្តីសម្រេចក៏បានអំពាវនាវដោយទទូចឱ្យភាគីទាំងសងខាងគោរពបទឈប់បាញ់ឱ្យបានពេញលេញ និងចៀសវាងរាល់សកម្មភាពដែលបង្កឱ្យមានភាពតានតឹងឡើងវិញ ហើយលើកទឹកចិត្តឱ្យបន្តកិច្ចសន្ទនានិងប្រើប្រាស់មធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាអាថ៌ នីតិវិធីការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ឆ្នាំ១៩៨២។
នៅក្នុងបុព្វកថានៃសេចក្ដីសម្រេចដ៏មានសារៈសំខាន់នេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង បានបញ្ជាក់អះអាងជាថ្មីនូវការគោរពគោលការណ៍សកលនៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN និងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាពិសេសការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី។ ជាមួយគ្នានេះ អង្គប្រជុំកំពូលបានថ្កោលទោសចំពោះការរំលោភបំពានសណ្ដាប់ធ្នាប់ ធម្មនុញ្ញ និងប្រជាធិបតេយ្យ (តាមរយៈរដ្ឋប្រហារយោធា) ការប្រយុទ្ធប្រឆាំងមនោគមវិជ្ជាជ្រុលនិយម ភេរវកម្ម ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងអាក្រក់ដើម្បីបំភាន់ព័ត៌មាន និងបានគូសបញ្ជាក់ពីតួនាទីស្នូលរបស់ស្ត្រី និងយុវជនក្នុងការកសាងសន្តិភាព។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកពីការប៉ះទង្គិចដោយអាវុធបានកើតឡើង២លើកក្នុងឆ្នាំ២០២៥ រវាងកម្ពុជានិងថៃ ដែលកម្ពុជាមិនមែនជាអ្នកផ្ដើមបាញ់មុននោះទេ ហើយដែនអធិបតេយ្យភាពរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ដូច្នេះ ការធានាឱ្យជនភៀសសឹកទាំងនោះអាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្ដីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង» ដោយសម្ដេចស្នើឱ្យមានការចាប់ផ្ដើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ ដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិរួចហើយ។
ដោយឡែក ក្នុងជំនួបប្រមុខដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន(AIPA) លើកទី១៥ ក្នុងប្រទេសហ្វីលីពីន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ក្នុងបទអន្តរាគមន៍លើការអនុញ្ញាតឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ដោយគ្មានការពន្យារពេលតទៅទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្ដើមឡើងវិញឱ្យបានឆាប់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ នៅក្នុងវេទិកាតំបន់អាស៊ានដែរ គណៈប្រតិភូសភាកម្ពុជា ក៏បានទទួលជោគជ័យក្នុងការជំរុញឱ្យបញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកប្រមាណ២ម៉ឺននាក់ ទៅក្នុងសាររបស់អាយប៉ា(AIPA)។
ទាំងអស់នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តអភិក្រម «ការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពចម្បងរបស់ខ្លួនយ៉ាងសកម្ម និងកាន់តែខ្លាំងក្លា ដែលធ្វើឱ្យសំឡេងរបស់កម្ពុជាបានជ្រួតជ្រាបយ៉ាងទូលំទូលាយ នៅលើវេទិកាតំបន់ និងអន្តរជាតិ ដែលបង្កើតបានជាកម្លាំងការទូតយ៉ាងរឹងមាំក្នុងការជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃឱ្យបានឆាប់ និងដោយសន្តិវិធី៕
សូមអរគុណ!