អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជាកំពុងពិនិត្យផ្តល់អន្តរាគមន៍បន្ទាន់ផ្ទាល់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩

(ក្រសួងផែនការ)៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ តាមរយៈវីដេអូ Conference ជាមួយថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានផែនការ មន្ទីរផែនការទាំង២៥ រាជធានី ខេត្ត ក្រុង ដើម្បីរៀបចំផែនការអន្តរាគមន៍បន្ទាន់ លើការត្រៀមអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងគោលបំណងជួយសម្រួលជីវភាពរបស់ប្រជាជន និង កាត់បន្ថយផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌រួចហើយ និង គ្រួសារក្រីក្រខ្លះដែលបានអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និង គ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូលធ្លាក់ខ្លួនក្រីក្រដោយជំងឺកូវីត-១៩។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ផ្តើមចេញពីបញ្ហានេះ និង ដើម្បីទទួលបានទិន្នន័យសម្រាប់ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រ គឺ កិច្ចប្រជុំក្រុមការងារចំពោះកិច្ច ១) រៀបចំគោលនយោបាយថវិកា ហិរញ្ញកិច្ច និង២) រៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីត-១៩ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បានសម្រេចប្រគល់ភារកិច្ចឱ្យក្រសួងចំនួន២ គឺ ក្រសួងផែនការត្រូវរៀបចំក្របខ័ណ្ឌនិងយន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំដើម្បីបំពេញបន្ថែមទិន្នន័យ ដូចជា គ្រួសារក្រីក្រដែលមិនទាន់បានធ្វើការកំណត់អត្តសញ្ញាណជាគ្រួសារក្រីក្រ គ្រួសារ ខ្លះទៀតដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដហើយធ្លាក់ចូលក្នុងភាពក្រីក្រ និងត្រូវកែសម្រួល ទិន្នន័យគ្រួសារក្រីក្រដែលមានស្រាប់(ដូចជាដកចេញគ្រួសារដែលមានជីវភាពលេចធ្លោខ្លាំង គ្រួសារដែលមានសមាជិកស្លាប់អស់។ល។) និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំយន្តការកំណត់ក្រុមគោលដៅ គណនាចំនួនថវិកាដែលត្រូវផ្តល់ជូន និងរៀបចំយន្តការសម្រាប់បើកប្រាក់។ល។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានដាក់ចេញនូវវិធានការណ៍បន្ទាន់មួយចំនួនដល់គ្រប់មន្ទីរផែនការ អង្គភាពជំនាញទាំងអស់ ដើម្បីអនុវត្តដូចតទៅ ៖
១-ត្រូវរៀបចំរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដែល (i) តំបន់ជនបទឱ្យបានចប់សព្វគ្រប់មុនដំណាច់ខែឧសភា ឆ្នាំ២០២០ និង (ii) តំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់អត្តសញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និង ត្រូវមានការពិគ្រោះយោបល់ជាមួយភូមិ និងឃុំ ករណីមានការដកចេញនូវគ្រួសារណាដែលមានជីវភាពលេចធ្លោ។
២-គ្រប់មន្ទីរផែនការទាំង២៥រាជធានី ខេត្ត ក្រុង ទាំងអស់ ត្រូវត្រៀមមន្រ្តីដែលមានសមត្ថភាព និង លះបង់ពេលវេលាសម្រាប់ធ្វើជាគ្រូបង្គោល និងទទួលខុសត្រូវនៅតាមស្រុក និងឃុំសង្កាត់ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅពេល អនុវត្តការងារ។
៣-ដោយសារការសម្ភាសន៍ តាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ប្រើប្រាស់តាប្លេត នៅតាមមន្ទីរផែនការរាជធានី-ខេត្ត ត្រូវជ្រើសរើសអ្នកមានជំនាញ IT ១ឬ ២នាក់ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសនៅពេលតាប្លេតមានបញ្ហា។
៤-ត្រូវមានកម្មវិធីការងារ និងបែងចែកការទទួលខុសត្រូវច្បាស់លាស់។
៥-ត្រូវចុះតាមដានជាប្រចាំ និង ណែនាំដល់មន្រ្តីរបស់ខ្លួន និង ឃុំសង្កាត់ ដូចជា ចុះពិនិត្យមើលការដាក់សំណើសម្ភាសន៍ និងការជ្រើសរើសមុខសញ្ញាដែលត្រូវសម្ភាសន៍ឱ្យបានច្បាស់លាស់។
៦-ត្រូវពិនិត្យឱ្យបានច្បាស់លាស់នូវទិន្នន័យជនងាយរងគ្រោះ ផ្ទុកមេរោគអេដស៍ ពិការភាព ចាស់ជរា និង កុមារ ជាពិសេសទិន្នន័យក្រុមអាយុ នៅពេលធ្វើសម្ភាសន៍។
៧-អំឡុងពេលអនុវត្តការងារ ត្រូវរាយការណ៍ពីវឌ្ឍនភាពការងារនៅវេលាម៉ោង១៧:០០ ជារៀងរាល់ថ្ងៃមកអង្គភាពជំនាញរបស់ក្រសួង។
៨-ត្រូវចងចាំ និងអនុវត្តចំណុចទាំង៧ខាងលើ អោយមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុ បម្រើជាតិ ប្រជាជន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍បន្ថែមថា នាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃអគ្គនាយកដ្ឋានផែនការ នឹងរៀបចំវគ្គបណ្តុះបណ្តាល នីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់គ្រប់បណ្តាមន្ទីរផែនការ រាជធានី ខេត្ត ក្រុងទាំងអស់ ក្នុងពេលឆាប់ៗនេះ តាមការសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ជាកិច្ចបញ្ចប់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានថ្លែងនូវការអរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអង្គភាពជំនាញដែលទទួលបន្ទុកលើការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងមន្ទីរផែនការទាំង២៥ រាជធានី ខេត្ត ក្រុង ហើយឯកឧត្តមមានជំនឿជឿជាក់លើលទ្ធផលគ្រួសារក្រីក្រដែលទទួលបានពីការប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ-១៩ មានភាពច្បាស់លាស់និងពិតប្រាកដ សម្រាប់ការឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ។