អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ទស្សនកិច្ចទិសឦសានជើងទី៦៖ ប្រជាពលរដ្ឋអះអាងថា «លឺ១០០០ដង មិនស្មើបានឃើញផ្ទាល់ភ្នែក១ដង»

ទស្សនកិច្ចទិសឦសានជើងទី៦ លើតម្រាយផ្លូវខេត្តក្រចេះ មណ្ឌលគិរី រយៈពេលមួយយប់ពីរថ្ងៃ (១៩-២០) បានបញ្ចប់ដោយជោគជ័យ ពោពេញដោយក្តីរីករាយ ស្នាមញញឹម និងមោទនភាព ចំពោះរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បានយ៉ាងត្រឹមត្រូវ និងរឹងមាំ។

ដំណើរទស្សនកិច្ចទិសឦសានជើងទី៦ ខេត្តក្រចេះ-មណ្ឌលគិរី នៅថ្ងៃទី១៩ និង២០ ខែតុលា ឆ្នាំ២០២៤ នេះ មានបងប្អូនប្រជាពលរដ្ឋសរុបជាង ២០០ នាក់ចូលរួម ដើម្បីស្វែងយល់ពីការពិតនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ ក្នុងនោះ ប្រជាពលរដ្ឋ បានទស្សនាច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ផ្លូវក្រវាត់ព្រំដែន បង្គោលព្រំដែន ចំការ ដំណាំរបស់ប្រជាពលរដ្ឋ ការនេសាទត្រីតាមអូព្រំដែន ច្រកទ្វារព្រំដែនឡាប៉ាខេ ខេត្តមណ្ឌលគិរី និងបង្គោលព្រំដែនដាក់ដាំ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មុននឹងធ្វើដំណើរវិលត្រឡប់មករាជធានីភ្នំពេញវិញ។ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនេះ ប្រជាពលរដ្ឋបានថ្លែងថា «លឺ១០០០ ដង មិនស្មើនឹងឃើញផ្ទាល់ភ្នែក ១ ដង» ហើយការភូតកុហក និងបំភ្លៃការពិតនៅលើបណ្តាញសង្គម គ្មានតម្លៃសម្រាប់ការជឿជាក់របស់គាត់នោះទេ។ ពួកគាត់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឱ្យបានគង់វង្សស្ថិតស្ថេរជារៀងដរាបតទៅ។

ដំណើរទស្សនកិច្ចទិសឦសាន ដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដោយឥតគិតថ្លៃនេះ នឹងបន្តធ្វើរហូតដល់ខែធ្នូ ដាច់ឆ្នាំ២០២៤៕