អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ឯកឧត្តម វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី

តបតាមការអញ្ជើញពីរដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ច នៅរដ្ឋធានីកង់បេរ៉ា និងទីក្រុងម៉ែលប៊ន នៃប្រទេសអូស្ត្រាលី ស្តីពី “ការឈ្វេងយល់អំពីប្រតិបត្តិការការងាររបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី (Department of Prime Minister and Cabinet) និងក្រសួងពាក់ព័ន្ធនឹងកិច្ចការសាធារណៈរបស់ប្រទេសអូស្ត្រាលី និងមេរៀនជាបទពិសោធន៍សម្រាប់ការពង្រឹងការអនុវត្តការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅកម្ពុជា ” ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

នេះជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ គិតចាប់ពីថ្ងៃចូលកាន់មុខតំណែងជា ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការនេះ មានគោលបំណងសិក្សាឈ្វេងយល់អំពី (១) ការកំណត់របៀបវារៈសម្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី (២) តួនាទីរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៃប្រទេសអូស្រ្តាលី ក្នុងការផ្តល់យោបល់ផ្នែគោលនយោបាយ និងគតិយុត្តជូន នាយករដ្ឋមន្រ្តី លើការតាមដាន និងការជំរុញការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាល ព្រមទាំងការតាមដាន និងការវាយតម្លៃការអនុវត្តគោលនយោបាយជាតិ (៣) សិទ្ធិអំណាច និងតួនាទីសម្របសម្រួលរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី នៃប្រទេសអូស្រ្តាលី ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ (៤) រំហូរការងារពាក់ព័ន្ធនឹងការរាយការណ៍ អំពីការសម្របសម្រួល និងការសម្រេចចិត្ត ចាប់ពីកម្រិតក្រសួង ស្ថាប័នរហូតដល់នាយករដ្ឋមន្ត្រី និង (៥) ការរៀបចំប្រព័ន្ធការងារនិងរចនាសម្ព័ន្ធស្ថាប័នរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។ ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ គណៈប្រតិភូកម្ពុជានឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃអង្គភាពពាក់ព័ន្ធសំខាន់ៗ របស់រដ្ឋាភិបាលអូស្ត្រាលី រួមមាន ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្ម និងរតនាគារជាតិ ជាដើម។ 

ទស្សនកិច្ចផ្លូវការនេះ ពិតជាមានសារសំខាន់សម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការទទួលបាននូវមេរៀនជាបទពិសោធន៍ និងការអនុវត្តល្អៗ បន្ថែម ដែលអាចប្រើប្រាស់ជាមូលដ្ឋាន ដើម្បីពង្រឹងលើការអនុវត្តតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាស្ថាប័នថ្នាក់ជាតិមួយដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការសម្រេចចិត្តរបស់ នាយករដ្ឋមន្ត្រី និងដំណើរការរបស់គណៈរដ្ឋមន្ត្រី។ ការណ៍នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅពង្រឹងសមត្ថភាព និងប្រសិទ្ធភាពក្នុងការអនុវត្តការងារស្ថាប័នរដ្ឋ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអូស្ត្រាលី។