អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ ស្ដីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ ឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ម្ទ លស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ

សេចក្តីព្រាងច្បាប់នេះ មាន១៦មាត្រា និងឧបសម្ព័ន្ធចំនួន២ បង្កើតឡើងក្នុងគោលបំណងធ្វើឱ្យមានឯកភាវូបនីយកម្មលើបទប្បញ្ញត្តិ ស្តង់ដាសុវត្ថិភាព បទដ្ឋានបច្ចេកទេស និងការការពារបរិស្ថានក្នុងវិស័យយានយន្ត ជាមួយបណ្តារដ្ឋភាគីដទៃ។ លើសពីនេះ ដោយសារអាស៊ានបានទទួលយកកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ ជាមូលដ្ឋានស្តង់ដារួមលើបច្ចេកទេសយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់សម្រាប់ទីផ្សាររួមអាស៊ាន ដូចនេះ ព្រះរាជាណាចក្រកម្ពុជាមានកាតព្វកិច្ចចូលជារដ្ឋភាគីនៃកិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ នេះ។ ក្នុងបណ្តាប្រទេសអាស៊ានដែលបានចូលជាសមាជិកកិច្ចព្រមព្រៀងនេះរួចហើយ រួមមាន ប្រទេសម៉ាឡេស៊ី ថៃ ហ្វីលីពីន និងប្រទេសវៀតណាម ខណៈប្រទេសសមាជិកមួយចំនួនទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ប៊្រុយណេ ឥណ្ឌូណេស៊ី កំពុងរៀបចំស្នើសុំចូលជាសមាជិក។ ដោយឡែក កម្ពុជាបាននិងកំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំចូលជាសមាជិកឱ្យបានត្រឹមឆ្នាំ២០២៥។

ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយជួយបង្កើតបរិយាកាសអំណោយផលក្នុងការទាក់ទាញការវិនិយោគលើឧស្សាហកម្មផលិត និងដំឡើងយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ជួយកាត់បន្ថយចំណាយថ្លៃដើមលើការអភិវឌ្ឍ ការផលិត និងដំណើរការស្នើសុំលិខិតបញ្ជាក់អនុលោមភាព ព្រមទាំងអាចនាំចេញផលិតផលរបស់ខ្លួនទៅក្នុងទីផ្សារអន្តរជាតិដោយមិនមានរនាំងបច្ចេកទេស និងអ្នកប្រើប្រាស់នៃបណ្តាប្រទេសជារដ្ឋភាគីនឹងទទួលបានយានយន្តប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ តម្លៃសមរម្យ សន្សំសំចៃថាមពល និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថាន។ កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិឆ្នាំ១៩៥៨ បានក្លាយជាបទប្បញ្ញត្តិស្តង់ដាបច្ចេកទេសសកលចម្បងមួយក្នុងវិស័យឧស្សាហកម្មយានយន្ត ដើម្បីឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយធានាសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាន៕