អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី ១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣

(កំពង់ធំ): នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូប។
ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍បើកកិច្ចប្រជុំ ដើម្បី ដាក់ឲ្យអង្គប្រជុំ ពិនិត្យរបៀបវារៈដែលបានលើកយកមកអនុម័តនាឱកាសនេះ រួមមាន៖ ១.ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី 9 របស់ក្រុមប្រឹក្សាខេត្ត ២.ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែមីនាឆ្នាំ 2020 របស់រដ្ឋបាលខេត្ត ៣.ពិនិត្យនិងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្តីពីវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី ៣ ឆ្នាំ2019
៤. ពិនិត្យនិងអនុម័តលើសេចក្ដីសម្រេចបង្កើតគណៈកម្មការលទ្ធកម្មខេត្តកំពង់ធំ
៥. បញ្ហាផ្សេងៗ
បន្ទាប់ពីអង្គប្រជុំបានពិនិត្យ កែសម្រួលនិងអនុម័តតាមរបៀបវារៈ និមួយៗរួចមក

ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាអនាម័យដោយខ្លួនឯង ត្រូវតែលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ដើម្បីការពារពីការឆ្លងជំងឺកូវិដ 19។

ចុងក្រោយ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុម ប្រឹក្សាខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារមានទំនួលខុសត្រូវខ្ពស់ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេសបានពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការផ្សព្វផ្សាយ ការទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវិដ 19 ជូនប្រជាពលរដ្ឋ ព្រមទាំងបានជំរុញដល់មន្រ្តីរាជការបណ្តាមន្ទីរ/អង្គភាពជំនាញទាំងអស់ ត្រូវខិតខំបំពេញការងារ ភារកិច្ចឲ្យបានល្អ។