ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងប្រជុំបិទផ្សាយប្រកាសជាសាធារណៈក្នុងរយៈពេល ១៥ថ្ងៃនូវឯកសារ នៃការវិនិច្ឆ័យទិន្នន័យក្បាលដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត លោកអភិបាលស្រុកស្ដីទី តំណាងមន្ទីរអង្គភាពក្នុងខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិផងដែរ ។
លោក លី សុភា បានអោយដឹងថាការបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យទិន្នន័យក្បាលដីសម្រាប់ភូមិចាស់ដែលមានម្ចាស់ក្បាលដីចំនួន ៦៤៣គ្រួសារ ដោយប្រមូលទិន្នន័យបានចំនួន ១៤៤៣ក្បាលដី ក្នុងនោះដីលំនៅដ្ឋានចំនួន ១១៥៥ក្បាលដី និងដីកសិកម្មចំនួន ២៨៣ ក្បាលដី ក្រៅពីនោះ ដីវត្ត ដីទីទួលអ្នកតា ដីទួលកប់សព ដីសាលាឆទាន និងដីសាលារៀន ។
ឯកឧត្ដម សាន់ យូ មានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួង និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តជាសេនាធិការរួមសហការជាមួយអាជ្ញាធរដែនដីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីអោយបងប្អូនប្រជាពលរដ្ឋជាម្ចាស់ទ្រព្យគ្រប់ក្រុមគ្រួសារទទួលបាននូវប័ណ្ណកម្មសិទិ្ធស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះនិងទៅអនាគត ។
ឯកឧត្ដមមានប្រសាសន៍បន្តទៀតថា ដើម្បីអោយ ការបិទផ្សាយជាសាធារណ:ក្នុងរយៈពេល ១៥ថ្ងៃប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាពក្នុងនាមថ្នាក់ដឹកនាំ មន្ទីរតំណាងឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ធជាម្ចាស់ក្បាលដីក្នុងភូមិចាស់ក្នុងឃុំតាំងក្រសាំងជួយផ្សព្វផ្សាយ និងចូលរួមផ្ទៀងផ្ទាត់អំពីបញ្ជីឈ្មោះ រូបរាងដីរបស់ខ្លួននៅលើផែនទី ទាំងដីលំនៅដ្ឋាន និងដីកសិកម្មដោយភ្ជាប់មកនូវជាមួយបង្កាន់ដៃលេខក្បាលដី អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើតកុំបីខាន នៅចំពោះមន្រ្តីប្រចាំការនៅទីនោះស្រាប់ ។
ឯកឧត្ដមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមក្នុងការ ការពារនៃការីករាលដាលនៃការឆ្លងជំងឺកូវីដ ១៩ ដោយធ្វើអនាម័យជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។