ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាជន និងប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន លោកស៊ី ជីនភីង (Xi Jinping) ដែលបានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនាពេលថ្មីៗនេះថ្វាយព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រមុខរដ្ឋ។ នេះជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល ជាការបញ្ជាក់សាជាថ្មីនូវភាពរឹងមាំ មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិនយ៉ាងជិតស្និទ្ធ ដែលពុំអាចបំបែកបានឡើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩។
ជាមួយគ្នានេះអង្គភាពអ្នកនាំពាក្យរារដ្ឋាភិបាល បានរំលឹកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល បានទទួលមហាកិត្តិយស ពីឱកាសនៃការប្រារព្ធអបអរសាទរថ្ងៃកំណើតរបស់សម្ដេច ដែលរៀបចំដោយ ឯកឧត្តមនាយករដ្ឋមន្ដ្រីជប៉ុន ស៊ីន ហ្ស៊ូអាបេ (Shinzo Abe) កាលពីឆ្នាំ២០១៧ នៅទីក្រុងតូក្យូ។ សម្ដេចតេជោ ក៏បានលើកឡើងនៅក្នុងពិធីខួបកំណើតនោះថា “ខ្ញុំនឹងមិនអាចភ្លេច ថ្ងៃដ៏ស្រស់បវរនេះបានឡើយ”។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមិនយកប្រជាជាតិណាមួយជាសត្រូវ ក៏ប៉ុន្ដែចាត់ទុកប្រជាជាតិទាំងនោះជាដៃគូទៅវិញ ដើម្បីបន្ដរក្សាបានសន្ដិភាព ស្ថិរភាព និងការរីកចម្រើន។ កម្ពុជាបាននិងកំពុងដើរតួយ៉ាងសំខាន់បំផុត ក្នុងកិច្ចចូលរួមរក្សាសន្ដិភាព និងកិច្ចពិភាក្សាផ្សេងៗនៅក្នុងវេទិកាតំបន់ និងអន្ដរជាតិ ដើម្បីបញ្ចៀសបញ្ហាប្រឈម ឬវិវាទនានា។ កម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងគំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និងផ្លូវ (BRI) នាំមុខដោយ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនភីង ។ កម្ពុជាដែលជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាពពេញលេញ ក៏បានជួយគាំទ្រ “យុទ្ធសាស្ដ្រសេរី និងចំហ ឥណ្ឌូ-ប៉ាស៊ីហ្វិក” នាំមុខដោយមិត្តជប៉ុនផងដែរ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់សាជាថ្មីថា គោលជំហរដូចបានជម្រាបជូនខាងលើ គឺជានយោបាយការបរទេសកម្ពុជា ដើម្បីបន្ដរក្សាឱ្យមានសម្ព័ន្ធមិត្តគ្រប់ជាតិសាសន៍ទាំងអស់ ដោយមិនរើសអើងពណ៌សម្បុរ នយោបាយ ដើម្បីឱ្យកម្ពុជាទទួលបានផលប្រយោជន៍ពីភូមិសាស្ដ្រសេដ្ឋកិច្ច៕ ប្រភពពី៖ រស្មីកម្ពុជា