អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

វិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការ« ការទិញ លក់ផលិតផលស្វាយចន្ទី»

រវាងក្រុមកសិករដាំដុះស្វាយចន្ទីជាមួយសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី ជ័យសំបូរ ក្នុងខេត្តកំពង់ធំ
(កំពង់ធំ)៖កិច្ចសន្យាផលិតកម្មកសិកម្ម កំពុងដើរតួយ៉ាងសំខាន់ ក្នុងការស្វែងរកទីផ្សារបង្កើន គុណភាពផលិតផលរបស់កសិឧស្សាហកម្ម និងកំណត់រក្សានូវតម្លៃទីផ្សារទុកជាមុន ដែលនាំឲ្យការទិញលក់មានស្ថិរភាពនិងផ្តល់ទំនុកចិត្តខ្ពស់សម្រាប់កសិករដែលជាអ្នកផលិត និងភាគ្គីក្រុមហ៊ុន ជាអ្នកទទួលទិញផងដែរ។ក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការ« ការទិញ លក់ផលិតផលស្វាយចន្ទី» រវាងក្រុមកសិករដាំដុះស្វាយចន្ទីជាមួយសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី ជ័យសំបូរ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២០ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម បានលើកឡើងថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្ម គឺជាការធ្វើពាណិជ្ជកម្មស្មោះត្រង់មួយដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម បានដាក់ចេញ ក្នុងគោលបំណងបង្កើនទាំងបរិមាណ និងគុណភាព លើផលិតផលរបស់កសិករ ស្របទៅតាមទីផ្សារជាតិ និងអន្តរជាតិ។
លោកគង់ ភាជ អះអាងថា កិច្ចសន្យានេះមានការព្រមព្រៀង រវាងភាគ្គីអ្នកផលិតដែលជាកសិករ ឬសហគមន៍ និងភាគីក្រុមហ៊ុន ដែលកំណត់រួចជាស្រេច ទាំងកម្រឹតគុណភាពរបស់ផលិតផល កសិកម្ម ព្រមទាំងតម្លៃទីផ្សារនៅថ្ងៃប្រមូលផល អាចនិយាយបានថា ជាការផ្តល់នូវទំនុកចិត្តរវាងគ្នា និងគ្នា។ លោកបន្ថែមថា ចំពោះការចុះកិច្ចសន្យារវាងក្រុមកសិករដាំដុះស្វាយចន្ទីជាមួយសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី ជ័យសំបូរ គឺបានជជែកវែកញែករួចជាស្រេចមុននឹងឈានមកដល់ការចុះហត្ថលេខានេះ ដែលអាចផ្តល់នូវផល ចំណេញទាំងប្រជាពលរដ្ឋនិងក្រុមហ៊ុន។
លោកបន្តទៀតថាពេលនេះក្រសួងបានជំរុញឲ្យការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាគឺខិតខំបន្សុទ្ធពូជជាពិសេសស្វាយចន្ទីM២៣ដើម្បីឲ្យមានការទទួលស្គាល់លើទីផ្សារជាតិនិងអន្តរជាតិ។
ជាមួយគ្នានេះដែរលោកស្រី អ៊ិន ឡៃហួត តំណាងសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី ជ័យសំបូរ បានលើកឡើងថាដើម្បីធានាបាននូវការកែច្នៃគ្រាប់ស្វាយចន្ទីដែលមានគុណភាពខ្ពស់និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ក្រុមការងារបច្ចេកទេសបានធ្វើការសិក្សាបច្ចេកទេសសំខាន់ៗនៅក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីដោយបានរៀបចំជាដំណើរការកែច្នៃអនុលោមតាមស្តង់ដារសាកលនិងបទពិសោធន៍ជាក់ស្ដែងដែលធ្លាប់អនុវត្តកន្លងមកដូចជាការគ្រប់គ្រងគុណភាពសុវត្ថិភាពចំណីអាហារ គោលការណ៍អនាម័យ ការសិក្សាខ្សែច្រវ៉ាក់កែច្នៃនិងគ្រប់គ្រងដំណាក់កាលនីមួយៗរៀបចំនិងគ្រប់គ្រងរបាយការណ៍ការត្រួតពិនិត្យនិងថែទាំឧបករណ៍សម្រាប់ជាដើម។
លោកស្រីបានបន្តទៀតថាការចុះកិច្ចសន្យាធ្វើឲ្យមានភាពកក់ក្តៅរវាងក្រុមហ៊ុននិងកសិករនិងដើម្បីផ្ដល់ភាពទុកចិត្តដល់អ្នកដាំដុះនិងធ្វើឲ្យមានការកាត់បន្ថយការចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋជាពិសេសស្ត្រីមេផ្ទះ។ នោះលោកស្រីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកដាំដុះត្រូវធ្វើយ៉ាងណាជួយសម្រិតសម្រាំងនៅពូជក៏ដូចជាផលិតផលឲ្យបានល្អកុំយកគំនិតដែលមិនល្អទៅអនុវត្តដើម្បីធ្វើឲ្យការបាត់បង់នូវទីផ្សាររបស់ខ្លួន។
គួរបញ្ជាក់ថាវិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការ«ការទិញលក់ផលិតផលស្វាយចន្ទី»រវាងក្រុមកសិករដាំដុះស្វាយ
ចន្ទីជាមួយសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទីជ័យសំបូរ មានចំនួន៧រូប ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីរ ចំនួន២០០ ហិចតាជាប្រភេទM២៣ ។

Loading