អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

សិស្សនុសិស្សនៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី បានទទួលការតម្រង់ទិសសិក្សា ដើម្បីកំណត់ពីផែនការបន្តទៅថ្នាក់ឧត្តមសិក្សា ឱ្យទទួលបានជោគជ័យ

មណ្ឌលគិរី៖ ដើម្បីជួយលើផ្នែកស្មារតីចំពោះសិស្សានុសិស្សដែលកំពុងរៀននៅថ្នាក់វិទ្យាល័យហ៊ុនសែនមណ្ឌលគិរី នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន បានសហហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី រៀបចំបើកសិក្ខាសាលាស្តីពី ការតម្រង់ទិសការសិក្សា និងការងារសម្រាប់យុវជន ក្រោមវត្តមាន លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំ និងកីឡាខេត្តមណ្ឌលគិរី លោក ជឹម ឈឿន អនុប្រធានផែ្នករដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន និងមានការចូលរួមពី លោកគ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលប្រព្រឹត្តទៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី។
តាមការលើកឡើងរបស់លោក ជឹម ឈឿន អនុប្រធានផ្នែកផែនការរដ្ឋបាលហិរញ្ញវត្ថុនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បានឲ្យដឹងថា កន្លងមក ក្រុមការងារ អគ្គលេខាធិការដ្ឋាន បានសហការ រៀបចំសិក្ខាសាលាបែបនេះ ចំនួន១៣ខេត្តរួចមកហើយ ក្នុងគោលដៅដើម្បីផ្សព្វផ្សាយព័ត៌មានសំខាន់ៗ ដល់យុវជន ជាពិសេស សិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា សំដៅធ្វើយ៉ាងណាឱ្យពួកគេ អាចកំណត់ឱ្យបានច្បាស់អំពីផែនការ ក្នុងការសិក្សាការរៀបចំខ្លួនចូលថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានជោគជ័យ និងសម្រេចតាមបំណងប្រាថ្នារបស់ខ្លួនស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាយុទ្ធសាស្រ្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍយុវជនកម្ពុជា គឺយុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិច ពោលគឺកាត់បន្ថយចំនួនពលករចំណាកស្រុក។
លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដើម្បីឈានទៅអភិវឌ្ឍធនធានមនុស្ស ដែលប្រកបដោយសមត្ថភាព បច្ចេកទេស ប្រសិទ្ធភាពនៃការបណ្តុះបណ្តាល សមត្ថភាពបានកំណត់នូវជំនាញ បីប្រភេទសំខាន់ៗ ដែលយុវជនទាំងអស់ ត្រូវការ គឺ៖ ជំនាញ ជាមូលដ្ឋាន រួមមានជំនាញអក្សរ និងលេខ ដែលត្រូវការជាចាំបាច់ ដើម្បីទទួលបាន ការងារធ្វើ អាចផ្តល់ប្រាក់កំរៃគ្រប់គ្រាន់សម្រាប់ បំពេញតម្រូវការប្រចាំថ្ងៃ។ លោក បន្តថា មនុស្សត្រូវការនូវសមត្ថភាព ទាំងនេះដើម្បី អាចសម្របខ្លួនទៅ នឹងបរិយាកាស ការងារផ្សេងៗ ដែលផ្តល់នូវអត្ថប្រយោជន៍សម្រាប់ពួកគេ។ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ការងារជាច្រើនតម្រូវឲ្យមានចំណេះ មានបច្ចេកទេសជាក់លាក់ ចាប់ពីការងារដែលធ្វើដោយកំលាំងកាយ រហូតដល់ការប្រើប្រាស់ម៉ាស៊ីន ឬ ការប្រើប្រាស់តាមបែបបច្ចេកវិទ្យាទំនើប។
ក្នុងសិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីវិគ្មិនកិត្តិយសម្ចាស់ហាងកាហ្វេដ៏ល្បីនៅខេត្តមណ្ឌលគិរី ដើម្បីចែករំលែកចំនេះដឹង ដល់យុវសិស្សទាំងអស់ ទុកជាទុនក្នុងការកំណត់ផែនការជីវិតផងដែរ៕

ប្រភពពី ៖ មន្ទីព័ត៌មានខេត្ដមណ្ឌលគីរី

Loading