អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អភិបាលខេត្តរតនគិរីអញ្ជើញចែកអំណោយដល់ខ្នងផ្ទះជូនប្រជាពលរដ្ឋជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

អភិបាលខេត្តរតនគិរីអញ្ជើញចែកអំណោយដល់ខ្នងផ្ទះជូនប្រជាពលរដ្ឋជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដើម្បីជួយដោះស្រាយជីវភាពរបស់ពួកគាត់ក្នុងកាលៈទេសៈ ដែលរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើង នៃជំងឺកូវីដ-១៩

ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីបានធ្វើការ អំពាវនាវសារជាថ្មីទៀតដល់ប្រជាពលរដ្ឋកុំភ្លេចរួមគ្នាប្រយុទ្ធប្រឆាំងនឹងបង្កើនការការពារជម្ងឺកូវីដ-១៩បើទោះបីជាជំងឺដ៏កាចសាហាវ នេះមានការថមថយនៅប្រទេសកម្ពុជាយើងក៏ពិតមែនតែវាអាចមានរលកទី២នៃការរីក រាលដាលខ្លាំងឡើងវិញបើប្រជាពលរដ្ឋយើង
ម្នាក់ៗ មិនបន្តយកចិត្តទុកដាក់ការពារជំងឺនេះ។ ឯកឧត្តមអភិបាលខេត្តបន្តថាយើងអាចភ្លេចជំងឺកូវីដ-១៩តែជំងឺកូវីដ-១៩មិនដែលភ្លេចយើងឡើយ។

ការអំពាវនាវរបស់អភិបាលខេត្តរតនគិរីនេះគឺនៅក្នុងឱកាសដែលឯកឧត្តមនិងលោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារអញ្ជើញចែកជាអំណោយនៅក្នុងយុទ្ធនាការចុះចែកសម្ភារៈប្រើប្រាស់ និងស្បៀង ដល់ប្រជាពលរដ្ឋជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនៅតាមខ្នងផ្ទះកំពុងខ្វះខាតក្នុងជីវភាពចំនួន៤០គ្រួសារក្នុងកាលៈទេសៈដែលរងផលផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារបណ្តាល មកពីជំងឺកូវីដ-១៩ នៅក្នុងស្រុកអូរជុំខេត្តរតនគិរីនារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ
២០២០នេះ។

នៅក្នុងពិធីនេះលោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ កុំឲ្យមានការឆ្លងរីករាលដាល នៅក្នុងសហគមន៍សូមបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់នូវការចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានភ្ជាប់ភ្ជួន ដើម្បីឲ្យសហគមន៍របស់យើងមិនមានគ្រោះថ្នាក់ ចរាចរណ៍ និងមិនមានការឆ្លងរាលដាលជម្ងឺកូវីដ-១៩ និង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបរបរចិញ្ចឹម
ជីវិត និងត្រៀមគ្រាប់ពូជដំណាំផ្សេងៗដើម្បីដាំដុះអោយទាន់ដើមរដូវវស្សាជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយ ត្រូវពាក់ម៉ាស់ ឬប្រើប្រាស់ក្រមានៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប់ជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ដែរថា អំណោយដែលបានចែកជូន គ្រួសារខ្វះខាតទាំង ៤០នាពេលនេះជាជំនួយអង្គការដែនដីមនុស្ស ប្រទេសហូឡង និងអង្គការឆាយវ៉ានកម្ពុជាដោយក្នុងមួយគ្រួសារៗ ទទួល បានមី១កេស ត្រីខ១យួ អង្ករ២៥គីឡូ អំបិល៤
គីឡូ សាប៊ូProtex១ដុំ សាប៊ូបោកខោអាវ១កញ្ចប់ ទឹកត្រី១យួ ទឹកសុីអុីវ ១យួ ប្រេងឆា១ដប ក្រម៉ា១ និងថវិកាមួយចំនួនទៀតផងដែរ៕