អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អភិបាលខេត្យចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅមន្ទីរពេទ្យបង្អែកខេត្តកំពតដើម្បីត្រៀមលក្ខណៈបង្ការការពារ និងព្យាបាលជំងឺ(Covid-19)

ដើម្បីអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន ក៏ដូចការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការត្រៀមលក្ខណៈ ប្រុងប្រយ័ត្នក្នុងការបង្ការនៃការឆ្លងរីករាលដាលនៃជំងឺCovid-19ដែលជាបញ្ហាសកលក្នុងពិភពលោកក៏ដូចក្នុងតំបន់នាបច្ចុប្បន្ននេះ។
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត រួមនិងអភិបាលរងខេត្តបាន ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត បានអញ្ជើញ ចុះទៅសំណេះសំណាលជាមួយ គ្រូពេទ្យ និងពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីត្រៀមលក្ខណៈបង្ការការពារ និងព្យាបាលជំងឺ(Covid-19) នៅមន្ទីរពេទ្យបង្អែកខេត្តកំពតក្នុងករណីកើតឡើងលើប្រជាពលរដ្ឋ ។
ជាមួយឱកាសនោះឯកឧត្តមជាវ តាយអភិបាលខេត្ត បានលើកបញ្ជាក់ថា បញ្ហាជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី (Covid-19) គឺជាបញ្ហាសកលក្នុងពិភពលោកក៏ដូចនៅក្នុងតំបន់ តែងតែបានរួមគ្នាយកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងនេះ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង ករណីជំងឺនេះគឺយើងនៅមិនទាន់មានអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋជួបប្រទះនិងមានការព្រួយបារម្ភធ្ងន់ធ្ងូរ ដូចបណ្ដាប្រទេសដទៃឡើយ បញ្ហាដែលបារម្ភនោះគឺជាបញ្ហាកើតឡើងដោយជំងឺភ័យខ្លាចរបស់ប្រជាពលរដ្ឋដែលតែងតែជឿតាមព័ត៌មាន មិនពិត ព័ត៌មានដែលបំប៉ោង បំភ្លើស បំភិតបំភ័យដល់ប្រជាពលរដ្ឋពីសំណាក់ពួកអគតិ ចង្រៃបំផ្លាញជាតិឯង។ ជាពិសេសនៅក្នុងខេត្តកំពតករណីនេះក៏នៅមិនទាន់មានលិចកើតឡើង ការឆ្លងជំងឺ(Covid-19) នេះដែរ ហើយក្នុងដំណាក់កាល បច្ចុប្បន្ននេះទេសចរណ៍មកកំសាន្តលេងក្នុងខេត្តកំពតក៏សង្កេតឃើញមកលេង ជាហូរហែច្រើនដដែល ។ ប៉ុន្តែទោះបីយ៉ាងណា ក៏ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្ដេចតេជោហ៊ុន សែន ក៏ដូចក្រសួងសុខាភិបាល គឺយើងមិនបាននៅព្រងើយកន្តើយឡើយ ។ ជាពិសេសសម្រាប់រដ្ឋបាលខេត្តកំពត នៅតាមច្រកទ្វារអន្តរជាតិនិងតាមច្រកទ្វារទ្វេភាគី អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជំនាញ គ្រប់ផ្នែក គ្រប់ថ្នាក់ តែងតែបានរួម សហការគ្នាយកចិត្តទុកដាក់ ត្រួតពិនិត្យតាមរយៈមន្ត្រីចត្តាឡីស័ក ក្នុងការទប់ស្កាត់និងអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែននិងក្រសួងសុខាភិបាលដែលបានជំរុញណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមនឹងប្រជាពលរដ្ឋត្រូវរួមគ្នា ប្រយុទ្ធប្រឆាំងប្រុងប្រយ័ត្ន ទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លង Covid-19 នេះដោយតាមរយៈការអប់រំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ។ ជាការជាក់ស្ដែងពេលនេះគឺយើងត្រូវតែត្រៀមលក្ខណៈប្រុងប្រយ័ត្ន ដើម្បីបង្ការនិងទប់ស្កាត់រួមនឹងការព្យាបាលនូវជំងឺនេះក្នុងករណីកើតឡើង លើប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តកំពតផងដែរ។
ឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានថ្លែងអំណរគុណកោតសសើរនឹងដាក់ក្ដីសង្ឃឹមខ្ពស់ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យពេទ្យបង្អែកខេត្តកំពត ក៏ដូចមន្ទីរពេទ្យបង្អែកចំនួន៤ទៀតនៅក្នុងខេត្ត ព្រមទាំងគ្រូពេទ្យ ដែលបានត្រៀមលក្ខណៈក្នុងការប្ដេជ្ញាចិត្តខ្ពស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនូវជំងឺឆ្លង Covid-19 នេះពិសេសក្នុងករណីជំងឺនេះកើតឡើងលើប្រជាពលត្រូវតែយកចិត្តទុកដាក់ ក្នុងការលះបង់ប្រកបដោយឆន្ទៈប្ដេជ្ញាខ្ពស់ដើម្បីព្យាបាលជូនពួកគាត់ដោយមិនមានការរើសអើង។