អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កម្មវិធីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានីចុះពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ឥតគិតថ្លៃក្នុងស្រុកកំពង់ត្រាចខេត្តកំពត

ព្រឹកថ្ងៃទី ២៣ ខែកម្ភៈ ឆ្នាំ ២០២០នៅសាលាវិទ្យាល័យព្រះបិតាជាតិ ស្ថិតនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិចស្រុកកំពង់ត្រាចខេត្តកំពត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តនិងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជាតិ បានអញ្ជើញចុះ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដែលមដឹកនាំដោយឯកឧត្តមលេង ផាលី រដ្ឋលេខាធិការក្រសួងផែនការនិងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ានី និងមានការចួលរួមពីសំណាក់ ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំក្នុងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកផងដែរ ។
កម្មវិធីនៃការពិនិត្យសុខភាពនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះគឺជាអំណោយ សប្បុរសធម៌របស់ឯកឧត្តមហ៊ុន ម៉ានី ដោយមិនមែនការរើសអើង ជាតិសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត
ជំនាញ ល្អៗចំនួន៤១៧នាក់ មកពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ចំនួនសរុប៦.៨៧៩នាក់ ការពិនិត្យនិងព្យាបាលជំងឺនេះមានជាច្រើនប្រភេទជំងឺ។

ឯកឧត្តមជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍សំណេះសំណាលដោយបានថ្លែងអំណរគុណចំពោះឯកឧត្តមហ៊ុន ម៉ានី ដែលតែងតែបានចាត់បញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចុះបំពេញបេសកកម្មមនុស្សធម៌ក្នុងការជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងពេលនេះនិង រយៈពេលកន្លងទៅនៅក្នុងខេត្តកំពត ក៏ដូចនៅក្នុងទូទាំងប្រទេស ដែលបានចាត់ទុកសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរដែនដីក្នុងខេត្តកំពត ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពប្រជាជននិងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តថែរក្សាសុខភាពឲ្យបានល្អថែមទៀតដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់ បង្ការនូវជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺគ្រុនឈាម ដូចជាការបំបាត់ជម្រកមូស ការការពារកុំឲ្យមូសខាំ ព្រមទាំងបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឱ្យបានទាន់ពេលវេលា។
-គួរបញ្ជាក់ដែរថា សម្រាប់ខេត្តកំពត ក្នុងរយៈពេលកន្លងទៅនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី បានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ មានចំនួន៦លើកមកហើយ ។នៅក្នុងនោះតាមបណ្ដាស្រុកក្នុងខេត្តសរុបចំនួន៥ គឺស្រុកដងទង់ចំនួន២លើក ស្រុកឈូក១លើក ស្រុកទឹកឈូ ១លើក ស្រុកបន្ទាយមាស១លើក និងស្រុកកំពង់ត្រាច១លើក ដែលមានប្រជាពលរដ្ឋមកទទួលការពិនិត្យនិងព្យាបាលជំងឺ សរុបមានចំនួន ១៤.៦៥១នាក់ ក្នុងនោះស្រីមានចំនួន១៣.១៦៣នាក់៕