អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កិច្ចប្រជុំពិភាក្សារវាង ប្រតិភូគណ:កម្មការទី២ នៃរដ្ឋសភា និងរដ្ឋបាលខេត្តសៀមរាប

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណ:កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ព្រមទាំង ឯកឧត្តម លោកជំទាវ ជាអនុប្រធាន លេខាធិការ សមាជិកសមាជិកាគណ:កម្មការទី២ ជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងមានការចូលរួមពី ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សួន សិទ្ធី អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ និងអស់លោក លោកស្រីជាប្រធានមន្ទីរជំនាញពាក់ព័ន្ធវិស័យ ។

ក្នុងដំណើរចុះបំពេញបេសកកម្ម របស់គណ:កម្មការទី២ នៃរដ្ឋសភា នៅខេត្តសៀមរាបនេះ មានគោលបំណងសិក្សាស្វែងយល់ ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការប្រមូលចំណូលថវិកាជាតិ ដែលជាវិស័យទទួលបន្ទុករបស់គណ:កម្មការទី២ និងអំពីវឌ្ឍនភាពការងារ ប្រកបដោយប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា ព្រមទាំងបញ្ហាប្រឈមរបស់ខេត្ត ដើមី្បរួមគ្នារកនូវដំណោះស្រាយ ។

ដើមី្បក្តាប់បាននូវសភាពការណ៍ទូទៅក្នុងខេត្ត ឯកឧត្តម ទៀ សីហា បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារសំខាន់លើបញ្ហាប្រឈមនានា និងទិសដៅរបស់ខេត្ត និងស្ថាប័នពាក់ព័ន្ធនឹងការទទួលខុសត្រូវលើវិស័យទាំង៤ របស់គណ:កម្មការទី២ លើការអនុវត្តតួនាទី ភារកិច្ចក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពប្រសិទ្ធភាព ។ ក្នុងនោះ ឯកឧត្តមក៏បានលើកផងដែរ ពីការបង្ខិតសេវាឲ្យកាន់តែនៅជិតនឹងប្រជាពលរដ្ឋ តាមរយ:ការធ្វើប្រតិភូកម្មអំណាច ពីថ្នាក់ជាតិ មករដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានសិទ្ធក្នុងការសម្រេច ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ជាមួយនោះ អាជ្ញាធរខេត្ត បានធ្វើការប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុកទាំង១២ ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណ: នៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ជូនដល់ប្រតិភូផងដែរថា អាស្រ័យដោយខេត្ត មានសក្តានុពលទេសចរណ៍ អាជ្ញាធរខេត្តបានកំពុងជំរុញ នូវយន្តការមួយចំនួន លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដែលជាកត្តាចាំបាច់សម្រាប់អភិវឌ្ឍន៍ប្រទេស លើគ្រប់វិស័យ ទោះបីនៅមានការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ក៏ដោយ ។

មានប្រសាសន៍នោះដែរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកនូវពីគោលបំណង ក្នុងដំណើរបំពេញ បេសកកម្មនៅខេត្តសៀមរាប គឺសំដៅសិក្សាស្វែងយល់ ឲ្យកាន់ស៊ីជម្រៅទៅលើបញ្ហាមួយចំនួន លើការអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដោយផ្តោតទៅលើ ការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល ការអនុវត្តច្បាប់ ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិ របស់ថ្នាក់ក្រោមជាតិ និងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២០ សំដៅដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរខេត្ត មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ក្នុងការកសាង និងអនុវត្តថវិកាថ្នាក់ខេត្ត (ការប្រមូលចំណូលថ្នាក់ក្រោមជាតិ) និង ការអនុវត្តគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់របស់ខេត្ត ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ។

ក្នុងនោះឯកឧត្តម ក៏បានលើកផងដែរ អំពីបញ្ហាចំណូល-ចំណាយរបស់ខេត្តប្រចាំឆ្នាំ២០២០ និងផ្តោតសំខាន់លើវិស័យទេសចរណ៍ ដែលជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់ របស់ជាតិ ក្នុងវិស័យទេសចរណ៍ ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារ រតនាគារ សាខាគយ និងរដ្ឋាករ និងសាខាធនាគារ បានធ្វើការបង្ហាញអំពីសកម្មភាពការងារ លទ្ធផលការងារ ដែលពាក់ព័ន្ធ និងការអនុវត្តកម្មវិធីកំណែទម្រង់ ហិរញ្ញវត្ថុសាធារណ: និង ការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលក្រោមជាតិ ការគ្រប់គ្រងការប្រមូលចំណូល និងបានលើកឡើងអំពីបញ្ហាប្រឈម ព្រមទាំងការអភិវឌ្ឍន៍នូវរាល់ ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត សំខាន់ដោយផ្តោតទៅលើការងារទឹកស្អាត និងធារាសាស្ត្រផងដែរ ។

តាមរយៈការលើកឡើងនូវបញ្ហាប្រឈម និង លើកសំណូមពរមួយចំនួន របស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏មានចំណាប់អារម្មណ៍ចំពោះ បញ្ហាការប្រើប្រាស់ទឹកក្រោមដីនៅខេត្តសៀមរាប ដែលជាហានិភ័យមួយ សម្រាប់ទៅថ្ងៃខាងមុខ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់គ្រឹះប្រាសាទអង្គរ ដែលជានិមិ្មតរូបជាតិ ។ បញ្ហាទឹកស្អាតគឺជាកត្តា ចាំបាច់បំផុតនាពេលបច្ចុប្បន្ន ជាចំណោទបញ្ហាក្នុងការដោះស្រាយជាបន្ទាន់ ដោយអាជ្ញាធរខេត្ត សហការជាមួយអាជ្ញាធរ អប្សរា និង មន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការធានាឲ្យខាងតែបាននូវបរិស្ថានទឹកក្រោមដី ក្នុងការទ្រទ្រង់គ្រឹះប្រាង្គប្រាសាទ ដែលជាកេរ្តិ៍មរតករបស់ដូនតាយើង ដែលជាសំណង់ស្ថាបត្យកម្មដ៏កំពូលគ្មានពីរលើលោក ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិទៀតផង ។