នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ នៅសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យអភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ឯកឧត្ត លោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល នាយកទីចាត់ការ អង្គភាពចំណុះឲ្យសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និង អាជ្ញាធរក្រុង/ស្រុក។
បន្ទាប់ពីមតិបើកកិច្ចប្រជុំរបស់ឯកឧត្តម ស៊ី ប្រាសិទ្ធប្រធានក្រុមប្រឹក្សាខេត្តរួចមក ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើងនូវបញ្ហាមួយចំនួន រួមមាន ៖ រចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ និង ក្រុង , ការគ្រប់គ្រង , ការអនុវត្តច្បាប់ចរាចរណ៍ថ្មី , ជាពិសេសចំពោះការអនុវត្តច្បាប់នាពេលបច្ចុប្បន្ន ដែលបញ្ហាទាំងអស់នេះ ត្រូវបានថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ធ្វើការបកស្រាយបំភ្លឺជូនអង្គប្រជុំ ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា ទោះបីយើងកំពុងជួបបញ្ហាវិបត្តិជំងឺកូវីដ១៩ក៏ពិតមែន តែចំពោះកិច្ចការងាររដ្ឋបាលខេត្ត បានដំណើរការទៅដោយរលូន សំខាន់ចំពោះការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩នៅតាមសហគមន៍ ដែលរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល មានវិធានការខ្ពស់ ចំពោះបងប្អូនវិលមកពីក្រៅប្រទេស ដោយដាក់ឲ្យនៅដាច់ដោយឡែក ។
ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍ទៀតថា នេះជាឱកាសដ៏ល្អសម្រាប់អាជ្ញាធរខេត្ត ក្នុងការស្ថាបនា ជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និង ជនបទ នៅពេលដែលកំពុងជួបវិបត្តិជំងឺកូវីដ១៩ ដែលមិនបានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ សំខាន់គឺត្រូវធ្វើការរៀបចំ
និង ផ្លូវនានា ហើយក្រោយពេលដែលជំងឺកូវីដ១៩មានភាពធូរស្រាល យើងក៏ត្រូវបង្កើនការយកចិត្តខ្ពស់បន្តទៀត ចំពោះរលកទី២នៃជំងឺកូវីដ១៩ដោយមិនត្រូវធ្វេសប្រហែសឡើយ ពិសេសបញ្ហាការគូសគំនូសចរាចរណ៍នៅតាមដងផ្លូវ ព្រមទាំងដាក់នូវស្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវឲ្យបានគ្រប់លក្ខណៈ មុននឹងធ្វើការអនុវត្តច្បាប់ ដើមី្បជៀសវាងនូវការរិះគន់ពីមហាជនផងដែរ ។
មានប្រសាសន៍បិទកិច្ចប្រជុំនេះ ឯកឧត្តមស៊ី ប្រាសិទ្ធក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើងនេះ ពិសេសការទប់ស្កាត់ និងបង្កា ព្យាបាលជំងឺកូវីដ១៩ និង បានកោតសរសើរចំពោះមន្ត្រីដែលមានការយកចិត្តទុកដាក់ដោយរក្សាអនាម័យស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ប៉ុន្តែសូមឲ្យថ្នាក់ដឹកនាំបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀត ជាពិសេសតំបន់ទីប្រជុំជន យើងត្រូវអប់រំណែនាំ កាត់បន្ថយកុំឲ្យមានការ ជួប ជុំគ្នា ជៀសវាងការចម្លងជម្ងឺ សំខាន់កុំឲ្យមាននូវ រលកទី២ នៃជំងឺ កូវីដ១៩នៅតាមសហគមន៍ និង ការអនុវត្តច្បាប់ចរាចរណ៍ថ្មី ឲ្យប្រព្រឹត្តទៅប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់ ៕