អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

កិច្ចប្រជុំ គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ(គ.ក.ស.ក)

កំពង់ឆ្នាំង ៖ នៅព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ឆ្នាំង បានជំរុញដល់សមាជិក សមាជិកា របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងការពារជំងឺកូវីដ ១៩ ដែលជាកិច្ចការចំពោះមុខរបស់យើងទាំងអស់គ្នា និងការចូលរួមទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ, ទប់ស្កាត់ការជួញដូរស្រ្តី និងកុមារ, ការកេងប្រវ៉ាញ់កំលាំងពលកម្មលើកុមារ, ការជួញដូរគ្រឿងញៀន និងចូលរួមរក្សាស្ថេរភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។

លោកជំទាវ បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា គ.ក.ស.ក ខេត្ត និងអង្គភាព អង្គការដៃគូពាក់ព័ន្ធក្នុងខេត្តចូលរួមផងដែរ នៅសាលប្រជុំ “ក” សាលាខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរលោកជំទាវ តុង ណារី ក៏បានណែនាំដល់សមាជិកក្រុមការងារ សូមធ្វើការតាមដានសភាពការណ៍ របស់បងប្អូនប្រជាពលរដ្ឋដែលបានមកពីបណ្តាប្រទេសនានាដែលកំពុងតែមានជំងឺកូវីដ១៩ តាមរយៈការសហការ ជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក ដើម្បីត្រួតពិនិត្យពី សុខភាពរបស់ពលរដ្ឋ និងបន្តអប់រំប្រជាពលរដ្ឋ អោយគាត់យល់ដឹងពីសុខភាព និងថែរក្សាសុខភាពដេីម្បីកុំអោយ មាន ជំងឺកូវីដ១៩ ៕