អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានបើកប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៣ខែ ឆ្នាំ២០២០

នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ឆ្នាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានបើកប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៣ខែ ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារ និងឯកឧត្ដម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រី ទទួល បន្ទុក បេសកកម្ម ពិសេស និង ជាអនុប្រធានក្រុមការងារ ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តមលោកជំទាវប្រធាន អនុប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន ក្រុង ស្រុក, ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត, អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងប្រធានអង្គភាព មួយចំនួន សរុប ចំនួន ៤៨នាក់។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បី បូកសរុបលទ្ធផលការងាររយៈពេល ៣ខែ(ខែមីនា ដល់ខែឧសភា ឆ្នាំ២០២០) និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងលេខ ១៧ សជណ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជម្រុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេល នៃ ការ រីករាលដាលជំងឺកូវីដ-១៩ ដើម្បីរៀបចំគម្រោង និងវិធានការ អន្តរាគមន៍ដល់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ជីវភាពរស់នៅដោយសារជំងឺកូវីដ-១៩ ព្រោះជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៃការគាំពារសង្គមដ៏មានប្រសិទ្ធភាព ដើម្បី ជួយ សម្រាល ការ លំបាក របស់ ប្រជាពលរដ្ឋ ។

ឯកឧត្ដមបណ្ឌិតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានជម្រុញឲ្យក្រុមការងារ ដោយ មានកិច្ច សហការ ជាមួយ អាជ្ញាធរមូលដ្ឋាន បន្តពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រ ធ្វើយ៉ាងណាឲ្យគ្រួសារក្រីក្រពិតប្រាកដមានឈ្មោះក្នុងបញ្ជីគ្រួសារក្រីក្រ ឲ្យ បាន ចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០។

អង្គ ប្រជុំ ក៏ បាន ដាក់ ចេញ នូវ ទិសដៅការងារ សំខាន់ ៗ មួយ ចំនួន បន្ថែម ទៀត ដើម្បី បន្តពង្រឹង ប្រសិទ្ធភាព ការងារ ក្នុង ការ ត្រួតពិនិត្យ និង គាំទ្រ ការ អនុវត្ត កម្មវិធី នយោបាយ និង យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី៤ របស់ រាជរដ្ឋាភិបាល រួម គ្នា ដោះស្រាយ បញ្ហា ប្រឈម និង សម្រាល ការ លំបាក របស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន ។