ឯកឧត្តម លន់ សុភាព អភិបាលរងខេត្តរតនគិរី និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះថា “ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០កន្លងមកនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអនុវត្តការបង្ក្រាបបទល្មើស គ្រឿងញៀនខុសច្បាប់សរុបចំនួន ៣៩លើក ស្មើនឹង ២៩ករណី “។
ឯកឧត្តមបន្តថាក្នុងចំណោម ២៩ករណីនេះ មានករណីជួញដូរ ចែកចាយ២៣ករណី និងករណី ប្រើប្រាស់ ០៦ករណី ព្រមទាំងបានចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន ១០៦នាក់ ក្នុងនោះស្រី១៥នាក់ ដែលមានសញ្ជាតិខ្មែរចំនួន ៨៩នាក់ ស្រី១១នាក់ និងសញ្ជាតិវៀតណាមចំនួន ១៧នាក់ ស្រី ០៤នាក់។ សារធាតុញៀនប្រភេទមេតំហ្វេតាមីន(WY) ចំនួន ០២គ្រាប់, ទូរស័ព្ទដៃចំនួន ៧៩គ្រឿង, រថយន្តចំនួន ០៣គ្រឿង, ម៉ូតូចំនួន ៤២គ្រឿង, ដាវសាំម៉ួរ៉ៃចំនួន ១០ដើម, អាវុធកែច្នៃចំនួន ០៧ដើម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០៤គ្រឿង, ប្រាក់រៀលចំនួន ៣.៦៧៦.៥០០រៀល, ប្រាក់ដុល្លារចំនួន ៥០ដុល្លារ, ប្រាក់ដុងចំនួន ៩០០.០០០ដុង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នមុខសញ្ញាជនសង្ស័យរួមនឹងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ឃើញថា៖ បទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនកើនជាងឆ្នាំ២០១៩ ចំនួន៤ករណី ស្មើនឹង១៦% និងសកម្មភាពបង្ក្រាបកើនជាងឆ្នាំ២០១៩ ចំនួន ១៤លើក ស្មើ
នឹង ៥៦%។
ឯកឧត្តម នាយឧត្តសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តរតនគិរីនាឱកាសនេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលគណៈកម្មាធិការខេត្តសម្រេចបានប្រកប ដោយឆន្ទៈមោះមុត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ហើយទទួលបានការអបអរសាទរគាំទ្រ និងមានការចូលរួមយ៉ាងក្លៀវក្លាពីប្រជាពលរដ្ឋ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានជម្រុញអោយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់ ឲ្យបានទាំងស្រុងនូវ រាល់បទល្មើសជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ក្នុងដែនសមត្ថកិច្ចរបស់ ខ្លួន ។ ហើយមុននឹងអនុវត្តច្បាប់ សមត្ថកិច្ចទាំងអស់ត្រូវតែចៀសឱ្យបានដាច់ខាតនូវកុំ៤គឺ កុំពាក់ព័ន្ធ, កុំនៅពី ក្រោយ ធ្វើជាបង្អែក, កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន៕