អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

គណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ លោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនគ្រួសារក្រីក្រសរុបចំនួន០៥គ្រួសារ នៅភូមិពលកម្ម ចំនួន០១គ្រួសារ, ភូមិសន្លុងជ័យ ចំនួន០២គ្រួសារ និងភូមិស្រឡៅស្រោង ចំនួន០២គ្រួសារ ស្ថិតក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។
លោក ហោ ប៊ុនហួរ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូន និងមិនដែលមើលរំលងនូវទុកលំបាករបស់ប្រជាពលរដ្ឋឡើយ។
លោកអភិបាលស្រុកបន្តថា ថ្វីត្បិតតែអំណោយដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់រូប និងមិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់ឃ្លាននោះឡើយ។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុករវៀង ក៏បានធ្វើការផ្សព្វផ្សាយពីវិធានការការពារ ការថែររក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលបានយកមកចែកជូនគ្រួសារក្រីក្រចំនួន ០៥គ្រួសារនោះរួមមាន៖ អង្ករ៣០គីឡូក្រាម, មីកន្លះកេស, ប្រេងឆា១ដប, តង់១, ស្បែកជើង១គូរ, ក្រមា១, ខោចែវ១ និងថវិកាមួយចំនួនផងដែរ៕