ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២០ បានអញ្ជើញជួបសំណេះសំណាលនិងជូនដំណើរ ដល់យុវជនស្ម័គ្រចិត្ត ដែលជាពលទាហានជ្រើសរើសថ្មីចូល
បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ដែលពិធីនេះបានធ្វើឡើងនៅឯទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពត។
មានប្រសាសន៍សំណេះសំណាលឯកឧត្តមជាវតាយ អភិបាលខេត្តបានលើកបញ្ជាក់ឲ្យដឹងថា
យុវជនស្ម័គ្រចិត្តដែលជាពលទាហានបានជ្រើសរើសថ្មីនាពេលនេះ គឺជាការអនុវត្តន៍ផ្អែកតាមផែនការនៃកម្មវិធីកំណែទម្រង់និងពង្រឹងសមត្ថភាព របស់កងយោធពលខេមរៈភូមិន្ទនៃក្រសួងការពារជាតិក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញ កាតព្វកិច្ចការពារជាតិ មាតុភូមិ ការពារ ទឹកដី អធិបតេយ្យភាពជាតិ សេចក្ដីសុខក្សេមក្សាន្តសុភមង្គលជូនប្រជាជនយើង ជាពិសេសគឺការបង្កើតកងកំលាំងប្រដាប់អាវុធមួយដែល មានប្រសិទ្ធភាពល្អប្រសើរជាងមុន និងសាកសមជាកងទ័ពដែលមានសមត្ថភាពពេញលេញ និងស្មារតីស្នេហាជាតិខ្ពស់ ហ៊ានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងពេលប្រយុទ្ធជាមួយខ្មាំងសត្រូវលើគ្រប់សមរភូមិ និងបានចូលរួមក្នុងសកម្មភាពការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ប្រកបដោយលក្ខណៈសម្បត្តិនិងបច្ចេកទេសជំនាញសមស្រក។ ឯកឧត្តមអភិបាលខេត្តក៏បានឱ្យដឹងដែរថាបេក្ខជន ដែលបានដាក់ពាក្យចូលរួមការប្រលង សម្រាប់នៅខេត្តកំពត មានចំនួន៥៤០នាក់ក្នុងនោះបានប្រឡងជាប់ជាស្ថាពរចំនួន២១២នាក់នារីមានចំនួន១នាក់ រីឯចំនួនដែលជាប់ជាបេក្ខជនបម្រុងមានចំនួន១៣២នាក់ ក្នុងនោះនារីមានចំនួន៦៧នាក់។ ឯកឧត្តមជាវ តាយអភិបាលខេត្តក៏បាន ផ្ដាំផ្ញើដល់ក្មួយៗជាពលទាហានដែលទើបប្រឡងជាប់ជាស្ថាពរលើចំណុចសំខាន់ៗមួយចំនួន ក្នុងពេលក្លាយជាកងទ័ព ក្នុងកាតព្វកិច្ចបម្រើជាតិសាសនាព្រះមហាក្សត្រគឺ
ទី១-ត្រូវអនុវត្តឲ្យបានល្អនូវរាល់បទបញ្ជារបស់កងយុទ្ធពលខេមរៈភូមិន្ទ ពិសេសត្រូវតស៊ូប្រឹងប្រែងរៀនសូត្រ នូវរាល់មេរៀនរបស់កងទ័ពនិងក្បួនយុទ្ធសាស្ត្រនានា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពទឹកដី និងការពារសេចក្ដីសុខជូនប្រជាជនកម្ពុជា ការពារសន្តិភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលរដ្ឋបានបោះឆ្នោតជូន និងប្រឆាំងដាច់ខាតនៅការប៉ុនប៉ងណាមួយដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលនិងការធ្វើបដិវត្តពណ៌នៅកម្ពុជា។
ទី២-ត្រូវលើកកម្ពស់ឆន្ទៈម្ចាស់ការ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរស់នៅតាមបណ្ដាកងឯកភាព ទោះជិត ឬឆ្ងាយក៏មិនត្រូវ រុញរា ត្រូវចេះអត់ធ្មត់ តស៊ូដើម្បីការពារជាតិ ការពារសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះដោយមិនអាចឱ្យជនណាម្នាក់មកបំផ្លាញសន្តិភាពនេះបានឡើយ។
ទី៣-ត្រូវចងចាំថា ការជ្រើសរើសកងទ័ពគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាដូចបាន កំណត់ក្នុងច្បាប់ស្ដីពីកាតព្វកិច្ចយោធា។ នៅក្នុងឱកាសនោះឯកឧត្តមជាវតាយរួមនិងគណៈធិបតីក៏បានអញ្ជើញ បំពាក់ក្រមាជូនដំណើរដល់ពលទាហានថ្មីនឹងផ្ដល់ជូនក្មួយៗជាពលទាហានថ្មីទាំងអស់នោះ សរុបចំនួន២១២នាក់ក្នុងម្នាក់ក្រមា១និងថវិកាចំនួន ៥ម៉ឺនរៀល រួមនឹងឧបត្ថម្ភដល់សាហ៊ុយថ្លៃការដឹកជញ្ជូនពលទាហានថ្មីទាំងអស់នោះនៅសាលាហ្វឹកហ្វឺនទាហានទីបីរបស់យោធភូមិភាគទី៣ខេត្តកំពង់ស្ពឺផងដែរ៕