អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ទោះកម្ពុជាមានអ្នកជំងឺកូវីដ ក៏ពលរដ្ឋកោះកុងបន្តចូលរួមទប់ស្កាត់ការពារ

កោះកុង៖ ពលរដ្ឋរស់នៅតាមសង្កាត់នីមួយៗក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅតែសម្តែងការព្រួយបារម្ភនៅឡើយពីជំងឺកូវីដ ដោយពួកគាត់បន្តចូលរួមការពារខ្លួនតាមរយៈវិធានការអប់រំណែនាំរបស់ក្រសួងសុខាភិបាល ត្បិតកម្ពុជាមានអ្នកជាសះស្បើយ និងរកមិនឃើញនូវអត្រាឆ្លងថ្មីក៏ដោយចុះ។
គេសង្កេតឃើញពលរដ្ឋអ្នកលក់ដូរអាជីករ មន្រ្តីរាជការ និងកម្លាំងសមត្ថកិច្ច ក្នុងក្រុងខេមរភូមិន្ទ នៅតែបន្តចូលរួមពាក់ម៉ាស់ មានទឹកអាល់កុលលាងដៃ និងរក្សាគម្លាតនៅឆ្ងាយពីគ្នា រាល់ពួកគេជួបគ្នា ឬធ្វើដំណើរចេញពីផ្ទះសម្បែង។
លោក ស៊ិម វណ្ណា ជាអ្នករត់ម៉ូតូឌុបនៅចំណុចរង្វង់មូលស្ពានកោះកុង បាននិយាយនៅថ្ងៃទី១៩ ខែឧសភា នេះថា រូបគាត់នៅតែខ្លាចបារម្ភពីការឆ្លងជំងឺកូវីដនៅឡើយ ព្រោះតាមការស្តាប់ព័ត៌មានជំងឺកូវីដនៅមិនទាន់ផុតរលាត់អស់១០០ភាគរយទេ ដូច្នេះគាត់បន្តអនុវត្តទៅតាមសេចក្តីណែនាំអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ដើម្បីជៀសវាងពីគ្រោះថ្នាក់។
អ្នករត់ម៉ូតូឌុបវ័យចំណាស់ដដែល បន្ថែមថា គាត់ពាក់ម៉ាស់ និងមានសាប៊ូលាងដៃជាប់នឹងម៉ូតូ ក្រោយពេលដឹកភ្ញៀវរួចរាល់ គឺតែងលាងដៃនឹងសាប៊ូញឹកញាប់ដោយមិនអាចថ្វីប្រហែសឬងាយស្រាលជំងឺបានទេ ខណៈខេត្តកោះកុងនៅជាប់ព្រំដែនថៃ។
ចំណែកអ្នកស្រី ឆែម គន្ធា ជាអ្នកលក់ផ្លែឈើ និងទឹកអំពៅនៅមាត់ដៃព្រែកកោះប៉ោ ឱ្យដឹងថា ត្បិតរដ្ឋាភិបាលប្រកាសថា ក្នុងប្រទេសមានអ្នកជាសះស្បើយពីជំងឺកូវីដ ក៏ដោយក៏គាត់ប្រុងប្រយ័ត្នគ្រប់ ដោយសារតែអ្នកលក់ដូរតែងជួបមនុស្សមកពីទីជិតឆ្ងាយមកទិញចំណីខ្លួន។ ករណីបើមានការផ្ទុះជំងឺកូវីដលើកទី២ នឹងវាកាន់តែជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ ជាកត្តាចម្បងនោះ មានតែចូលរួមសហការជាមួយក្រសួងសុខាភិបាល អាជ្ញាធររដ្ឋបាល និងមន្ទីរជំនាញ ទប់ស្កាត់ និងការពារជំងឺកូវីដកុំឱ្យកើតមានឡើងវិញ។
កន្លងទៅ លោកស្រី មិថុនា ភូថង អភិបាលខេត្ត មន្ទីរជំនាញ អាជ្ញាធរក្រុងស្រុកឃុំសង្កាត់ ភូមិ បានផ្តោតលើការចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពីវិធីការពារខ្លួនមិនឱ្យឆ្លងជំងឺកូវីដ និងចែកម៉ាស់ អាល់កុលលាងដៃផងដែរ។ ហើយអាជ្ញាធរជំរុញដល់ពលរដ្ឋទាំងអស់ចូលរួមសហការ ព្រមទាំងរាយការណ៍ព័ត៌មានករណីមានការសង្ស័យថា មានអ្នកឆ្លងជំងឺនេះ ដើម្បីមានវិធានការទាន់ពេលវេលា។
មិនខុសពីបណ្តារាជធានី ខេត្តផ្សេងទេ ខេត្តកោះកុង ធ្លាប់មានមនុស្សពីរនាក់បានកើតជំងឺកូវីដ ក្រោយមន្រ្តីសុខាភិបាលដាក់ការសង្ស័យ និងយកសំណាកទៅធ្វើតេស្តពិនិត្យស្វែងរកជំងឺកូវីដ ហើយជាលទ្ធផលពួកគាត់ទាំងពីរនាក់នោះ ពិតជាបន្ទុកជំងឺកូវីដពិតប្រាកដមែន អំឡុងពេលចុះមកផ្សព្វផ្សាយសាសនានៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
បន្ទាប់មកក្រុមគ្រូពេទ្យ បាននាំមកដាក់បន្ទប់ដាច់ដោយឡែកតាមដាន និងព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងអស់ជាច្រើនថ្ងៃ។ នៅពេលតាមដានព្យាបាលពួកគាត់ទាំងពីរយ៉ាងយកចិត្តទុកដាក់ ពួកគាត់ទាំងពីរបានជាសះស្បើយពីជំងឺកូវីដ ដោយអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញនៅឯខេត្តកំពត៕