អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាជាង៩៩,៣% គឺមានការងារធ្វើ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលកម្ពុជា ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង៩៩,៣ភាគរយកំពុងមានការងារធ្វើ ដោយខ្លះធ្វើការនៅក្នុងស្រុក និងខ្លះទៀតកំពុងបំពេញការងារនៅក្រៅប្រទេស។ លោកអ៊ិត សំហេង បានបង្ហាញឱ្យដឹងបែបនេះនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងការងារនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ។

ឯកឧត្តមរដ្ឋមន្រ្តីអ៊ិត សំហេង បានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើច្រើនបែបនេះ គឺដោយសារតែក្រសួងការងារបានខិតខំបន្តគ្រប់គ្រងទីផ្សារការងារ និង កម្លាំងពលកម្មដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំបង្កើតការងារជូនប្រជាពលរដ្ឋ។

បើតាមឯកឧត្តម អ៊ិត សំហេង គិតមកដល់ពេលនេះ កម្ពុជាមានកម្លាំងពលកម្មប្រមាណ១០លាននាក់ ក្នុងនោះ នៅក្នុងប្រទេសមានចំនួនប្រមាណ៣,៦៩លាននាក់ គឺផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង១,៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួនប្រមាណ២,២០លាននាក់។ ចំណែក វិស័យកសិកម្មវិញ មានចំនួនប្រមាណ៤លាននាក់ មន្រ្តីសាធារណៈមានចំនួន៥០ម៉ឺននាក់ និង ពលករដែលធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណ១,២៨លាននាក់៕

ប្រភពពី ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ