អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ប្រជាពពលរដ្ឋចំនួន ៥៩គ្រួសារ ដែលរងគ្រោះដោយ សារខ្យល់កន្ត្រាក់នៅស្រុកកំពង់ស្វាយ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

(កំពង់ធំ) ៖ រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងលោកជំទាវ អមដំណើរដោយថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមការងារ និងអាជ្ញាមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដល់លំនៅដ្ឋានដែល រងគ្រោះដោយសារខ្យល់កន្ត្រាក់ ។
លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយបានធ្វើរបាយការណ៍កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០២០ វេលាម៉ោង២.៣០នាទីទាបភ្លឺ មានភ្លៀងធ្លាក់មួយមេលាយឡំនិងខ្យល់កន្ត្រាក់នេះ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន៥៩ខ្នងរងផលប៉ះពាល់មាន រលំទាំងស្រុង ១ ខ្នង – របើកដំបូលទាំងស្រុង ៤ ខ្នង- របើកដំបូល៥០% ១៩ខ្នង- ប៉ះពាល់ ៣៥ខ្នង
និង រលំរោងសហគមន៍ ១ខ្នងក្នុងនោះឃុំសានគរចំនួន ១៨ខ្នង ឃុំដំរីស្លាប់ចំនួន ១០ខ្នងនិងឃុំនីពេជ្រចំនួន៣១ខ្នង ។
ឯកឧត្តម សុខ លូ បានលើកឡើងដោយចូលរួមសោកស្តាយនូវការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនហើយការនាំយក
អំណោយទាំងអស់នេះ អាចជួយសម្រួលរបស់ ប ង ប្អូនបានរយ:ពេល ឆ្លៀតឱកាសនោះឯកឧត្តម សុខលូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះនឹងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់អត់ស្បៀងស្លាប់នោះទេគឺត្រូវធ្វើយ៉ាងណាជួយ ប្រជា ពលរដ្ឋឱ្យទាន់ពេលវេលាចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រជនចាស់ជរា ជនពិការភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ ជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិន ប្រកាន់ ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តមប្រធាន បានបន្តថា ការចុះសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់បងប្អូនរងគ្រោះនៅពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងការផ្តល់កម្លាំងចិត្ត ដើម្បីចូលរួមចំណែកដោះស្រាយនូវការលំបាករបស់បងប្អូនបានមួយកំរិត ហើយបើទោះបីជាអំណោយទាំងនេះ មិនបានបំពេញតាមតំរូវការរបស់បងប្អូនក៏ពិតមែន តែអាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើនផលការងារកសិកម្ម ក្នុងការលើកកម្ពស់ជីវភាពគ្រួសារអោយបានធូរធាឡើង។
ឯកឧត្តមប្រធាន បានមានប្រសាសន៍ផ្តាំផ្ញើដលបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវ នាវឱ្យប្រជាពលរដ្ឋ ត្រូវរស់នៅមានអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ហើយប្រសិនបើមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ហើយបើមានអាការៈសង្ស័យណាមួយត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកលេខ ១១៥។
អំណោយទទួលបានមាន តង់កៅស៊ូ ១ អង្ករ ២៥ គីឡូ ម៉ុង១ ភួយ ១ សារុង ១ ក្រម៉ា១ ត្រីខ ១យួរ មី ១កេស សាប៊ូ ១ដុំ និងច្រាស ១ផងដែរ ៕