ខណ:ឱសានវាទមកដល់នៅថ្ងៃទី០១ ខែឧសភាស្អែកនេះ ប្រជាពលរដ្ឋបាននាំគ្នាសម្រុក ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ(ឈៀក) រាប់រយឡាន ក្នុងមួយៗថ្ងៃ នៅខេត្ដសៀមរាប ក្រោយពីអគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសផាកពិន័យលើបទល្មើសចរាចរណ៍តាមអនុក្រិត្យថ្មី ដែលនឹងត្រូវចាប់អនុវត្ដនៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២០នេះនៅទូទាំងប្រទេស ។
លោក ឈិត ពិសី អ្នកគ្រប់គ្រងកន្លែងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដសាខាខេត្ដសៀមរាប លោកបានអោយដឹងកាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះថា ចាប់ពីថ្ងៃច័ន្ទដើមសប្ដាហ៍ទី៤នៃខែមេសានេះ មានប្រជាពលរដ្ឋជាច្រើនរយនាក់ បានយករថយន្ដពួកគាត់មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬហៅថាឈៀកនៅក្នុងខេត្ដនេះ ដែលក្នុងមួយថ្ងៃមានរថយន្ដជាងមួយគ្រឿង ។ លោកថា ការសម្រុកធ្វើឈៀករថយន្ដនេះ ដោយសារពួកគាត់យល់ដឹងពីបទល្មើសចរាចរណ៍តាមអនុក្រិត្យថ្មី ដែលនឹងត្រូវផាកពិន័យនៅខែឧសភាខាងមុខនេះ។ លោកបានបន្ដថា ការធ្វើឈៀកនេះពួកគាត់អាចមកធ្វើនៅទីតាំងដោយផ្ទាល់ក៏បាន និងធ្វើតាមអនឡាញក៏បាន ដែលមានភាពងាយស្រួលបំផុត ។ លោកថា ក្រោយពីមានការចុះឈ្មោះតាមប្រព័ន្ធឌីជីថលរួចហើយ ប្រជាពលរដ្ឋអាចយករថយន្ដមកដល់ទីតាំងផ្ទាល់ ដើម្បីកុំមានការកកស្ទះនៅកន្លែងធ្វើឈៀកតែម្ដង ។លោកពិសី បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ នាពេលបច្ចុប្បននេះមានការយល់ដឹងច្រើនពីការត្រួតពិនិត្យបច្ចេកទេសឬហៅថាឈៀកនេះ។ ការធ្វើឈៀករថយន្ដពុំមានផុតកំណត់ទេ និង មិនមានការផាកពិនិត្យនោះឡើយ ។
បើតាមលោកឈិត ពិសី បានអោយដឹងថា រហូតដល់ដើមខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ អាជ្ញាធរនឹងចាប់ផ្ដើមអនុវត្ដផាកពិន័យទៅលើឈៀករថយន្ដដែលបានផុតកំណត់ និងយឺតយ៉ាវ ក្នុងការបន្ដសុពលភាព។ ការផាកពិន័យនេះ ក្នុងតម្លៃមួយថ្ងៃ៥០០រៀល និងទៅតាមប្រភេទរថយន្ដនិមួយៗ។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អោយចូលរួមអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕