(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» សម្រាប់ការប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៦នេះ ជាប្រធានបទជាអចិន្ត្រៃយ៍របស់កាកបាទក្រហមកម្ពុជា។
* សម្តេចតេជោបានគូសបញ្ជាក់ថា ប្រសិនបើគ្មានការស្រឡាញ់ទេ នឹងគ្មានការជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាសំណាងរបស់ប្រទេសកម្ពុជា ដែលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានធ្វើចលនាបង្កើតឱ្យមានកាកបាទក្រហមកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែររងគ្រោះជិត១៤ម៉ឺនគ្រួសារ បានទទួលការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា។
* សម្តេចតេជោបានវាយតម្លៃថាសកម្មភាពសម្បុរសធម៌នេះ គឺជាសកម្មភាពដ៏អង់អាចក្លាហានរបស់កាកបាទក្រហម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា បានចូលរួមចំណែកយ៉ាងពិសេស ដល់គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
* សម្តេចតេជោក៏បានកោតសរសើរ ដល់យុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា នៅទូទាំងប្រទេស ដែលបានឆ្លើយតបយ៉ាងទាន់ពេលវេលា ចំពោះបញ្ហាគ្រោះធម្មជាតិ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានប្រឹងប្រែងជួយដល់ពលរដ្ឋរងគ្រោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សកម្មភាពអាជ្ញាធរ និងកាកបាទក្រហម គឺជាការបំពេញឱ្យគ្នាទៅវិញទៅមកក្នុងការជួយដល់ជនរងគ្រោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយកាកបាទក្រហមកម្ពុជា និងតែងតែបានយាងចុះជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិល្បៈ និងវប្បធម៌នៃការចែករំលែក គឺពិតជាមានអត្ថន័យធំធេងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
* សម្តេចតេជោបានគូសបញ្ជាក់ថា បើប្រជាពលរដ្ឋកម្ពុជាមិនមានសិល្បៈចែករំលែកទេនោះ គឺជារឿងលំបាកណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វប្បធម៌ចែករំលែករបស់ប្រជាពលរដ្ឋ គឺមានគ្រប់វិស័យដែលក្នុងនោះវិស័យពុទ្ធចក្រ បើគ្មានការចែករំលែករបស់ប្រជាពុទ្ធបរិស័ទទេនោះ មិនអាចកសាងទីអារាមបានឡើយ។ ក្នុងវិស័យអប់រំ កាលពីអតីតកាលបើគ្មានការចូលរួមពីប្រជាពលរដ្ឋទេនោះ មិនអាចមានការសាងសង់អគារសិក្សាបាននោះឡើយ។
* សម្តេចតេជោបានថ្លែងរំពឹងថា សិល្បៈនៃការចែករំលែកពីអ្នកមានលទ្ធភាព ទៅអ្នកគ្មានលទ្ធភាពនៅតែបន្ត។
* សម្តេចតេជោ បានថ្លែងថា វប្បធម៌នៃការជួយគ្នានេះ មិនមែនមានតែក្នុងប្រទេសកម្ពុជានោះទេ គឺមាននៅលើពិភពលោក ពោលមានប្រទេសជាច្រើន បានយកធនធានរបស់គេមកជួយដល់ប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វប្បធម៌នៃការចែករំលែកមិនមែនមានតែក្នុងក្របខណ្ឌជាតិទេ គឺបានធ្វើនៅក្នុងក្របខណ្ឌទូទាំងពិភពលោកទាំងក្របខណ្ឌទ្វេភាគី និងវេទិកាពហុភាគី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ចំពោះការវិវឌ្ឍន៍ស្ថានការណ៍របស់ពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេសជនភៀសខ្លួន និងជនភៀសសឹក បានបង្កទៅជាបញ្ហាដ៏ព្រួយបារម្ភមួយ ដែលទាមទារឱ្យមានការជួយគ្នាទៅវិញទៅមក។
* សម្តេចតេជោបានថ្លែងថា បម្រែបម្រួលអាកាសធាតុកំពុងក្លាយទៅក្តីបារម្ភកាន់តែខ្លាំងសម្រាប់កម្ពុជា គ្រាន់តែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បាតុភូតភ្លៀងខ្យល់នាំឱ្យប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្លាក់ភ្លៀងប៉ុន្មានថ្ងៃនេះ វារីអគ្គិសនីកម្ពុជាអាចបញ្ចេញថាមពលបានប្រមាណ៦០០មេហ្គាវ៉ាត់ហើយ ក្នុងចំណោមជាង១៤០០មេហ្គាវ៉ាត់។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យរួមគ្នាធ្វើឱ្យប្រធាន «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» ក្លាយទៅជាចលនា ក្លាយទៅជាសកម្មភាពជាក់ស្តែង និងក្លាយទៅជាចលនារបស់ជាតិទាំងមូល។
* សម្តេចតេជោ បន្តអំពាវនាវឱ្យចលនា «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» មានចាប់ពីថ្នាក់ដឹកនាំរហូតដល់ថ្នាក់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា សប្បុរសជនទាំងអស់នឹងរួមគ្នាបរិច្ចាគធនធានជួយទ្រទ្រង់ដល់កាកបាទក្រហមកម្ពុជាជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថាវេលាម៉ោង ៨៖៤១នាទីព្រឹក ប្រភពពី Fresh News ៕