សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅក្នុងតំបន់»។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ កម្ពុជាពិតជាមានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ ស្របពេលដែលបញ្ហាប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសនៅក្នុងតំបន់កំពុងរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយគ្រោះថ្នាក់ ហើយកំពុងរីករាលដាលនៅក្នុងតំបន់របស់យើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពជឿនលឿននៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យទំនើបនេះ បានធ្វើឱ្យចរន្តសេដ្ឋកិច្ចពិភពលោកមានការវិវត្តយ៉ាងលឿន។ ទន្ទឹមនេះ ការរីកចម្រើនទីផ្សារការងារក្នុងពិភពលោក ក៏ដូចជានៅក្នុងបញ្ហាប្រទេសអាស៊ាន បានជំរុញឱ្យប្រទេសសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់ទទួលបាននូវកំណើនសេដ្ឋកិច្ច ពាណិជកម្ម និងការវិនិយោគក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ និងបានបង្កើតឱ្យមានទីផ្សារការងារយ៉ាងច្រើនសន្ធឹកសន្ធាប់។ តាមរយៈចរន្តនៃទីផ្សារការងារ និងដំណើរចល័តនៃកម្លាំងពលកម្មអន្តរជាតិធ្វើឱ្យកើតនូវ «អំពើជួញដូវមនុស្ស» ជាយថាហេតុនៅក្នុងបញ្ហាប្រទេសសមាជិកអាស៊ាន រួមទាំងបញ្ហាប្រទេសនៅក្នុងតំបន់ផងដែរ។
* សម្តេចតេជោ បានថ្លែងថា ការកេងប្រវ័ញ្ចគ្រប់រូបភាពពីស្ថានភាពស្វែងរកការងារនៅក្នុងស្រុក និងការធ្វើចំណាកស្រុកទៅក្រៅប្រទេស ធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើតឱ្យមាន «អំពើជួញដូរមនុស្ស» ការកេងប្រវ័ញ្ចពលកម្ម ជួញដូរផ្លូវភេទ ជួញដូរទារក និងកុមារ និងការជួញដូរសេរីរាង្គមនុស្ស ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ចាំបាច់តម្រូវឱ្យប្រទេសសមាជិកអាស៊ាន និងចិនផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងត្រូវរួមគ្នាទប់ស្កាត់ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អំពើជួញដូរមនុស្ស» នៅកម្ពុជាបច្ចុប្បន្នក៏ដូចជាបញ្ហាឆ្នាំកន្លងមក ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា តាមរយៈការពង្រឹងច្បាប់ ការអនុវត្តនូវគោលនយោបាយបង្ការ ទប់ស្កាត់ និងការពារជនរងគ្រោះ ជាមួយការអនុវត្តច្បាប់ព្រហ្មទណ្ឌយ៉ាងខ្ជាប់ខ្ជួន។ ហើយជាបន្តបន្ទាប់ ដោយមានកិច្ចសហការល្អរវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាប័នអយ្យការ និងតុលាការធ្វើឱ្យកម្ពុជាទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនកន្លងមក។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបានអនុម័ត និងកំពុងរៀបចំច្បាប់គោលនយោបាយ លិខិតបទដ្ឋានពាក់ព័ន្ធជាមួយនឹងការបង្ការ ទប់ស្កាត់បង្ក្រាប និងផ្តន្ទាទោស «អំពើជួញដូរមនុស្ស» រួមមាន ក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទឆ្នាំ ២០០៨ ក្រមព្រហ្មទណ្ណឆ្នាំ២០១០ សេចក្តីព្រាងច្បាប់ស្តីពី «ការពពោះជំនួស» សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាននានា ព្រមទាំងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនទៀត ជាមួយបញ្ហាប្រទេសជាមិត្ត ទាំងក្នុងតំបន់ និងអន្តរជាតិ ទាក់ទងអំពើជួញដូរមនុស្ស ជាពិសេសចំពោះស្ត្រី និងកុមារ ការសង្គ្រោះ ការស្តារឡើវិញ ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណកម្មជនរងគ្រោះដោយ «អំពើជួញដូរ»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្ការទប់ស្កាត់ បង្ក្រាប និងផ្តន្ទាទោស «អំពើងជួញដូរមនុស្ស» គឺជាគោលនយោបាយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបានអនុវត្តកន្លងមក តាមរយៈការផ្សព្វផ្សាយគ្រប់ទម្រង់នៃ «អំពើជួញដូរមនុស្ស» តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស» លំបាក និងស្មុគស្មាញ គឺជាបទល្មើសឆ្លងដែនខុសច្បាប់ និងជាឧក្រិដ្ឋកម្ម ដែលមានវិសាលភាពទាំងក្នុងតំបន់អាស៊ាន និងសកលលោក។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដើម្បីប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស» នេះឱ្យបានទាន់ពេលវេលា ប្រទេសសមាជិកអាស៊ាន-ចិន ត្រូវមានគោលការណ៍រួមមួយ ឯកភាពគ្នា សហការគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២៤ អាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះប្រកួតបាល់ទាត់ពិភពលោក។ អាស៊ានអាចបង្កើតជាក្រុមមួយទៅប្រកួតបាល់ទាត់ពិភពលោក ដែលជាអត្តសញ្ញាណមួយរបស់អាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ានជាសហគមន៍តែមួយ តែមានច្បាប់ដោយឡែកពីគ្នា ដែលពិបាក់ក្នុងការប្រយុទ្ធប្រឆាំងជាមួយការជួញដូរមនុស្ស ក្នុងន័យនេះសម្តេចតេជោ លើកទឹកចិត្ត ឱ្យខិតខំធ្វើកិច្ចសហប្រតិបត្តិការតាមរយៈកិច្ចព្រមព្រៀងរួមគ្នា ដែលអាចធ្វើទៅបាន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវអនុសាសន៍ចំនួន៤ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង «ការជួញដូរមនុស្ស» នេះឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ អនុសាសន៍ទាំង៤នោះរួមមាន៖
១. អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយបញ្ហាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹង « អំពើជួញដូរមនុស្ស » ជាពិសេសនៅក្នុងប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតបនិងដោះស្រាយឱ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
២. អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃបញ្ហា « អំពើជួញដូរមនុស្ស » តាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាមួយប្រទេស និងនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាកន្លងមក ។
៣. អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបន្ត និងបង្កើនកិច្ចសហការឱ្យបានទូលំទូលាយ បង្កលក្ខណៈងាយស្រួល និងចូលរួមផ្តល់ធនធានសម្រាប់ប្រតិបត្តិការជាប្រព័ន្ធដើម្បីអាចឆ្លើយតបបញ្ហាបានទាន់ពេលវេលាស្តីពី «អំពើជួញដូវមនុស្ស »ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
៤ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនត្រូវរួមគ្នាធ្វើកំណត់ត្រា និងចងក្រងរបាយការណ៍ជាមួយនឹងភស្តុតាងជាក់ស្តែង ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មបង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងកំពុងប៉ះពាល់ដល់កិច្ចដំណើរការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វៀតណាម មានពលករធ្វើការនៅកូរ៉េខាងត្បូងជាង ២០ម៉ឺននាក់។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ពលករខ្មែរទៅធ្វើការនៅកូរ៉េខាងត្បូង ទោះបីមានការរៀបចំប្រលងត្រឹមត្រូវ ក៏នៅតែមានអ្នកចាញ់បោកក្រុមជនឆបោកមួយចំនួន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់នយោបាយព្រហ្មទណ្ឌមួយឱ្យបានច្បាស់លាស់។ សម្តេចតេជោ បន្តថា ដ្បិតថា តុលាការជាប្រព័ន្ធឯករាជ្យ តែបើរាជរដ្ឋាភិបាលមិនមាននយោបាយព្រហ្មទណ្ឌមួយច្បាស់លាស់ទេ នឹងមានគ្រោះថ្នាក់ដល់ដំណើរការរបស់រដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជ្រើសរើសប្រព័ន្ធមួយដែលមានកិច្ចសហប្រតិបត្តិការមួយជាប់លាប់រវាងតុលាការ ជាមួយស្ថាប័ននីតិប្រតិបត្តិ ដើម្បីការគ្រប់គ្រងរដ្ឋមួយបានជាប់លាប់។
* សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថា អង្គសន្និសីទនឹងបន្តប្រើប្រាស់យន្តការអគ្គព្រះរាជអាជ្ញាអាស៊ាន- ចិនដែលជាវេទិកាពង្រឹងកិច្ចសហប្រតិបត្តិការ
ពារប្រកបដោយឆន្ទៈរួមតែមួយ ក្នុងការប្រយុទ្ធប្រឆាំង «អំពើជួញដូរមនុស្ស» និងបទល្មើសឆ្លងដែនគ្រប់រូបភាពដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពឆ្លងដែនដល់បញ្ហាប្រជាជននៅក្នុងប្រទេសអាស៊ាន- ចិន និងនៅក្នុងតំបន់។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៣៨នាទី នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕
ប្របភពី៖ Fresh news