អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រស៊ីម៉ង់តិ៍ «ថៃប៊ុនរ៉ុង» នៅខេត្តកំពត

(ភ្នំពេញ)៖ រោងចក្រផលិតស៊ីម៉ង់តិ៍ទី៥ នៅកម្ពុជាតម្លៃប្រមាណ១១០លានដុល្លារសហរដ្ឋអាមេរិក ត្រូវដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

រោងចក្រផលិតស៊ីម៉ង់តិ៍ «ថៃប៊ុនរ៉ុង» ដែលសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃនេះ ជារបស់ក្រុមហ៊ុនថៃប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត។ រោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើប ហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយដែលបានវិលមកកាន់ខេត្តកំពតជាថ្មី ដើម្បីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់កម្ពុជា បន្ថែមពីលើរោងចក្រមានស្រាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានរោងចក្រស៊ីម៉ង់តិ៍ទាំង៥នៅកម្ពុជា ធ្វើឱ្យកម្ពុជាចំណេញលុយប្រមាណ៥០០លានដុល្លារ ពីការទិញស៊ីម៉ង់តិ៍ពីក្រៅប្រទេស។

* សម្តេចតេជោ បានថ្លែងថា កម្ពុជាមានខេត្តតែ៣ប៉ុណ្ណោះ មានវត្ថុធាតុដើមសម្រាប់ផលិតស៊ីម៉ង់តិ៍ រួមមាន៖ ខេត្តកំពត បាត់ដំបង និងបន្ទាយមានជ័យ។

* សម្តេចតេជោ បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះសេដ្ឋកិច្ចកម្ពុជា ដែលមានការកើនឡើងដូចពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលហោះពីភ្នំពេញមកខេត្តកំពត សម្តេចពិនិត្យមើលឃើញថា លំនៅឋានរបស់ប្រជាពលរដ្ឋបច្ចុប្បន្នមិនសូវប្រក់ស្បូវ និងស្លឹកត្នោតទៀតនោះទេ ដោយងាកមកប្រើជាក្បឿង និងប្រូស៊ីម៉ង់តិ៍ជំនួសវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទៅថ្ងៃក្រោយផ្លូវលំ និងផ្លូវថ្នល់ទាំងឡាយអាចនឹងប្រើស៊ីម៉ង់តិ៍ច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវក្នុងក្រុងព្រះសីហនុដែលនឹងចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃសៅរ៍សប្តាហ៍នេះ ចាក់បេតុង២តឹកកន្លះ ហើយចាក់កៅស៊ូ៨ផឹងពីលើថែមទៀត ដើម្បីធានាការដឹកជញ្ជូន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានថ្មភ្នំច្រើន តែថ្មសម្រាប់ធ្វើស៊ីម៉ង់តិ៍ និងសម្រាប់ធ្វើផ្លូវមានមិនច្រើននោះទេ ដោយសារថ្មនោះខ្ចីពេក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យអភិវឌ្ឍន៍ថ្មី បានសម្រេចធ្វើផ្លូវឱ្យបានរឹងមាំជាងមុន។ ដោយពីមុនថវិកា១០០លានដុល្លារ ធ្វើបាន ២០០គីឡូម៉ែត្រ តែចក្ខុវិស័យថ្មី លុយ ១០០លានដុល្លារ ធ្វើផ្លូវត្រឹម ១០០គីឡូប៉ុណ្ណោះ។

* សម្តេចតេជោ បានថ្លែងថា ការផ្លាស់ប្តូរចក្ខុវិស័យសម្រាប់ការសាងសង់ផ្លូវថ្នល់នេះ ដើម្បីឱ្យសមស្របនឹងស្ថានភាពនៃការដឹកជញ្ជូន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់ភ្នំពេញរបស់កម្ពុជាមួយចំនួនមិនអនុញ្ញាតឱ្យយកថ្មី ឬធ្វើស៊ីម៉ង់តិ៍ឡើយ ព្រោះពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយឆ្នាំពលរដ្ឋកម្ពុជាបង្កើតមនុស្សថ្មីប្រមាណ ៤០ម៉ឺននាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលប្រមាណ ៦ខែទៀត សម្តេចទទួលបានចៅម្នាក់ទៀត ដែលជាចៅទី២១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ ដែលជួយសម្រួលដល់ដំណើរការសាងសង់ និងដំណើរការរបស់រោងចក្រនានា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែក្រោយនេះ សម្តេចនឹងអញ្ជើញមកសម្រាន្តមួយយប់នៅខេត្តកំពត ដើម្បីបើកពិធីបុណ្យសមុទ្រ។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងខ្លាចជួបការខ្វះទឹក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញ បានចំណាយពេល៤ម៉ោង ដើម្បីពិនិត្យ និងសម្រេចិត្តលើឯកសារនានា។

* សម្តេចតេជោ បានថ្លែងថា ខែវិច្ឆិកាឆ្នាំមុនវារីអគ្គិសនីប្រើប្រាស់ទឹកអស់៣០ភាគរយ តែឆ្នាំនេះរក្សាទឹកក្នុងអាង ១០០ភាគរយ ដើម្បីធានាថាមានទឹករុញតួប៊ិនសម្រាប់ផលិតថាមពលអគ្គិសនីក្នុងរដូវប្រាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យោងតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កម្ពុជាមានថាមពលគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រផលិតស៊ីម៉ង់តិ៍ចំនួន៥ ផ្តល់ការងារជូនប្រជាពលរដ្ឋបានចំនួន ២,៧០០នាក់ តែផ្តល់ការងារដោយប្រយោលរាប់ម៉ឺននាក់បន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានព្រះសង្ឃមួយអង្គនៅក្នុងរាជធានីភ្នំពេញ មិនទាន់សឹកផង ដែលធ្វើឱ្យនារីម្នាក់មានផ្ទៃពោះ។

* សម្តេចតេជោ ហ៊ុន សែន អរព្រះគុណ និងអរគុណដល់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានចូលរួមទប់ស្កាត់ការធ្វើរដ្ឋប្រហារ ដោយបានចូលរួមឆាន់ និងហូបអំបុកនៅទូទាំងប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសធ្វើរដ្ឋប្រហារពីក្រុមជនក្បត់ជាតិ សម រង្ស៉ី ជាការបំផ្លាញសន្តិសុខនៅកម្ពុជា។

* សម្តេចតេជោ បានថ្លែងថា សន្តិសុខមានសារៈសំខាន់ណាស់ ហើយព្រោះតែការមានសន្តិសុខនេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា ជំនាន់សម្តេច និងលោកយាយ លោកតា ជាពេលត្រូវការសប្បាយ ត្រូវការសិក្សារៀនសូត្រ តែត្រូវបាត់បង់អស់ព្រោះតែសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទម្រាំរកបានសុខសន្តិភាព គឺលំបាកខ្លាំងណាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនការរដ្ឋប្រហារដ៏ពិសពុលរបស់ក្រុម សម រង្ស៉ី ត្រូវបរាជ័យ។ ប្រជាពលរដ្ឋនៅតែត្រូវការគណបក្សប្រជាជន ត្រូវការសម្តេច ហើយកងទ័ពនៅតែគាំទ្ររាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោសរបស់ សម រង្ស៉ី គ្មានការលើកលែងនោះឡើយ ត្រូវតែដំណើរការទៅតាមច្បាប់។ សម្តេចតេជោ បន្ថែមថា ដៃស្តាំរបស់សម្តេចមិនចុះហត្ថលេខាសុំព្រះរាជទានលើកលែងទោសឱ្យ សម រង្ស៉ី នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមជនក្បត់ជាតិ សម រង្ស៉ី បានអុជអាលសម្តេចក្រឡាហោម ស ខេង ឱ្យធ្វើរដ្ឋប្រហារទម្លាក់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រុមក្បត់ជាតិ សម រង្ស៉ី ថា ស្គាល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាតិចពេកហើយ។ គណបក្សប្រជាជនគ្មានការដណ្តើមអំណាចផ្ទៃក្នុងគ្នានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមក្បត់ជាតិថា ប្រជាពលរដ្ឋត្រូវការនូវសុខសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលចាញ់បោកក្រុមក្បត់ជាតិ ហើយរត់ទៅប្រទេសថៃ វិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយមិនមានទោសពៃអ្វីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានបញ្ជាទៅសមត្ថកិច្ចមិនឱ្យមានការចាប់ខ្លួនអ្នកទាំងនោះនោះឡើយ។

*សម្តេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយមន្ត្រីតុលាការ ដកយកដីការដែលបានចេញចាប់ជនមួយចំនួន។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជនទាំងនេះចាញ់បោកការឃោសនារបស់ក្រុមជនក្បត់ជាតិ។ សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលយល់ណាស់លើបញ្ហានេះ តែមិនអនុគ្រោះឱ្យនៅមុនថ្ងៃ៩ វិច្ឆិកា នោះឡើយ។

* សម្តេចតេជោ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងអ្នកចាប់ខ្លួន តាមសំណើរបស់សាម៉ីខ្លួន ឬមេធាវី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះ គឺជាដំណើរនៃបង្រួបបង្រួមជាតិ ព្រោះអ្នកទាំងនោះចាញ់បោកក្រុមជនក្បត់ជាតិ។

* សម្តេចតេជោ បានថ្លែងថា ក្រុមជនក្បត់ជាតិ សម រង្ស៉ី គ្រោងប្រើឈាមប្រជាជន ដើម្បីសម្រេចមហិច្ឆតារបស់ពួកគេ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុក ហើយបើចូលមកវិញត្រូវអាជ្ញាធរ ឬសមត្ថកិច្ចចាប់ខ្លួន ត្រូវរាយការទៅនាយករដ្ឋមន្ត្រីតាមរយៈទំព័រ Facebook។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងកាន់អំណាចរហូតដល់ឆ្នាំ២០២៨។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមក្បត់ជាតិថា កុំធ្វើនយោបាយរង់ចាំសម្តេចមរណភាព។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣៧នាទី ប្រភពពី៖ Fresh News