អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង ៦១៥ ម ទទឹង ៥ ម៉ែត្រ ស្ថិតក្នុងភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ បានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិកសភាតំណាងរាស្រ្តមណ្ឌល សៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកក្រឡាញ់ ឯកឧត្តម អ៊ាន ឃុន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ពីរភូមិនៃឃុំក្រឡាញ់ផងដែរ។ ផ្លូវមួយខ្សែនេះបើកការដ្ឋានសាងសង់កាលពី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ និងកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ដែលទទួលបានថវិកាពីសប្បុរស និងអង្គកឋិនទានសាមគ្គី កាលពីខែតុលា ឆ្នាំ ២០១៩ កន្លងទៅ ហើយអង្គកឋិនទាននេះ ផ្តួចផ្តើមដោយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប និងលោកជំទាវ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌល សៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុកក្រឡាញ់ និង លោកជំទាវ ព្រមទាំងសមាជិក សមាជិកា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់ទាំងមូលផងដែរ។ ផ្លូវនេះចំណាយថវិកាចំនួនអស់ជិត៦០,០០០ដុល្លារ និងគ្រោងបំពាក់អំពូលសូឡារ តាមដងផ្លូវទៀតផង។ លោកស្រី ម៉ននី រង្សី អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ រាយការណ៍ថា៖សម្រាប់ផ្លូវមួយខ្សែនេះ ជាផ្លូវគ្រួសក្រហមពីមុនគឺពិបាកធ្វើដំណើរណាស់ ។ សមិទ្ធផលនៃផ្លូវមួយខ្សែនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងមានសារ:សំខាន់ក្នុងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពសង្គមព្រមទាំងជួយលើកកំពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានមួយកម្រិតផងដែរ។
ថ្លែងសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានថា៖ ក្រោមការនាំការដឹកនាំដ៏ឈ្លាសវៃ និងក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមាតុប្រទេសយើង ទទួលបានសុខសន្តិភាព ស្ថេរភាពពេញលេញ និងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ ហើយស្របពេលនឹងប្រទេសជាតិមានសុខសន្តិភាពនេះ ទើបធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែល្អប្រសើរឡើង ។ការស្ថាបនាផ្លូវបេតុងនេះឡើងគឺឆ្លើយតបទៅនឹងការសំណូមពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលចង់បានផ្លូវភ្ជាប់ពីផ្លូវកៅស៊ូ ចូលទៅកាន់ភូមិ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរក៏ដូចជាការដឹកទំនិញផ្សេងៗដើម្បីដោះ ស្រាយជីវភាពប្រចាំថ្ងៃ។
ឯកឧត្តម សៀង ណាំក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកល ហើយនៅទូទាំងសកលលោកនេះ ដែលជាវិបត្តិយ៉ាងធ្ងន់ធ្ងរខ្លាំងបំផុតចំពោះសុខភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយើង ។ ហេតុនេះសូមបងប្អូនអុំមាមីង ចូរការពារសុខភាព និងអាយុជីវិត ដោយរស់នៅមានអនាម័យ ធ្វើយ៉ាងណាដើម្បីការពារ និងទប់ស្កាត់ការរីករាយដាលនៃជំងឺឆ្លងកូវីដ-១៩ កុំឲ្យមានការឆ្លងរីករាលដាលក្នុងគ្រួសារ ក្នុងសហគមន៍ ៕