AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ -ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការថា ខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជាមានស្ថិរភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាពេញលេញ និងស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា កំពុងតែចាប់ផ្ដើមបំពេញភារកិច្ចដ៏ឧត្ដុង្គឧត្ដមតាមភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម។
ក្នុងខណៈដែលស្ដេចយាង ជាព្រះរាជអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខាងមុខព្រះបរមរាជវាំង ដែលមានការអញ្ជើញចូលរួមរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនៃបណ្ដាប្រទេសជាមិត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង២ម៉ឺននាក់នោះ ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា “ខ្ញុំមាន ហឬទ័យរីករាយអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត ដែលបានចូលរួមប្រារព្ធពីធីដ៏មហោឡារិក ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ ដែលជាទិវាប្រវត្តិសាស្ត្រមានតម្លៃបំផុត នៃមាតុភូមិកម្ពុជាយើង ដែលបានទទួលនូវឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋ ពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្ដុងឧត្ដមរបស់ព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជ បិតាឯករាជ្យជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត”។