ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំកោះថ្កូវ ស្រុកជលគិរី ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាល រងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង។
គោលបំណងនៃការរៀបចំវេទិកា គឺដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីការធ្វើចំណាកស្រុក ជៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនា របស់មេខ្យល់អូសទាញ និងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពផងដែរ។
ក្នុងឱកាសនោះលោកជំទាវក៏បានធ្វើផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ពីវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលដែលមានរលកទី២នេះ នៅក្នុងសហគមន៍យើងជាដាច់ខាត។
លោកជំទាវ រួមជាមួយក្រុមការងារបានចែកក្រម៉ា ជូនដល់ប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធី និងបន្តយកសម្ភារ រួមជាមួយថវិកាមួយចំនួន ជូនដល់លោកយាយ ចាស់ជរា អាយុ៩១ ឆ្នាំ មានជំងឺ ប្រចាំកាយចំនួន១គ្រួសារ។