ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ” នេះរៀបចំឡើង នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀសីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា៖ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសទីផ្សារនាំចេញសំខាន់ពីររបស់កម្ពុជាគឺ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ ជំងឺនេះនៅបន្តអូសបន្លាយ និងរីករាលដាលចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ន វិស័យសំខាន់ពីរនៃសេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ គឺវិស័យឧស្សាហកម្ម ពិសេសគឺឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង និងវិស័យសេវាកម្ម (ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងបដិសណ្ឋារកិច្ច)។ ផលប៉ះពាល់នេះធ្វើឱ្យកើតមាននូវនិកម្មភាព និងការធ្លាក់ចុះប្រាក់ចំណូលជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន ០២លើករួចមកហើយគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារឥទ្ធិពល នៃជំងឺកូវីដ១៩នេះ។ ប្រជាជនដែលស្ថិតនៅក្នុងក្រុមប្រាក់ចំណូលទាបជាងគេប្រឈមមុខនឹងការខ្វះស្បៀង និងការទ្រទ្រង់ជីវភាពក្នុងដំណាក់កាលលំបាកនេះ បើសិនមិនមានអន្តរាគមន៍គ្រប់គ្រាន់ និងទាន់ពេលវេលានោះទេ។ លោក នាក់ ណេរ៉ុន បញ្ជាក់ថា៖ ផ្អែកតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងពីអន្តរាគមន៍ ក្នុងការជួយឧបត្ថម្ភសម្រាប់គ្រួសារក្រីក្រនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ កន្លងមក ។ ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គម សម្រាប់ឧបត្ថម្ភគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ប្រភេទ១ និងប្រភេ២ ព្រមទាំងការគ្រប់គ្រង ការដឹកនាំ និងការប្រើប្រាស់រចនាសម្ព័ន្ធស្ថាប័ន ដែលមានស្រាប់របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដើម្បីធានានិរន្តរភាព និងការលើកកម្ពស់ប្រសិទ្ធភាព នៃការចំណាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកអភិបាលរងខេត្ត បានផ្តល់អនុសាសន៍ដល់សិក្ខាកាមក្នុងវគ្គ ត្រូវកំណត់ឱ្យបាននូវបញ្ហាប្រឈម ដែលបាន និងកំពុងកើតមានលើប្រព័ន្ធ CTP-WC និងរកវិធីសាស្រ្តដោះស្រាយ។ កិច្ចខិតខំស្វែងយល់អំពីការប្រើប្រាស់មុខងារថ្មី”អែប” (App) ដើម្បីទទួលអនុវត្តផែនការសកម្មភាពបន្ត។ ទាំងអស់គ្នាត្រូវចូលរួមវគ្គនេះឱ្យបានពេញលេញ ជៀសវាងការចូលរួមមិនបានពេញលេញ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពជាក់ស្តែងក្នុងការអនុវត្តការងារ។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដោយសហការ និងគំាទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ និងរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់លោក លោកស្រី ជាមន្រ្តីទទួលបន្ទុកការអនុវត្តកម្មវិធី ឧបត្តម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ លើ១០០ឃុំ/ សង្កាត់ក្នុងទូទាំងខេត្ត ៕